+855 92 92 1000
Logo
ស្វែងយល់ពីគោលការណ៍គ្រឹះនៃច្បាប់ភូមិបាលឆ្នាំ២០០១នៃព្រះរាជាណាចក្រកម្ពុជា
Updated on: June 6, 2022, 11:29 p.m.
Published on: October 28, 2019, 6:54 a.m.

ស្វែងយល់ពីគោលការណ៍គ្រឹះនៃច្បាប់ភូមិបាលឆ្នាំ២០០១នៃព្រះរាជាណាចក្រកម្ពុជា


អត្ថបទព័ត៌មានច្បាប់ភូមិបាល

ច្បាប់ភូមិបាល គឺជាច្បាប់គ្រឹះមួយដែលត្រូវបានអនុម័ត និងប្រកាសអោយប្រើកាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០០១ ក្នុងគោលដៅកំណត់អំពីរបបកម្មសិទ្ធិលើអចលនវត្ថុទាំងឡាយ (ដី) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ប្រទេសកម្ពុជាត្រូវបានចាត់ទុកថា ជាប្រទេសមួយក្នុងតំបន់អាស៊ាន ដែលវិស័យដីធ្លីនៅទូទាំងប្រទេសទើបតែចាប់ផ្តើមកសាង និងស្តារឡើងវិញចាប់តាំងពីឆ្នាំ១៩៧៩ ក្រោយពីសង្គ្រាមបំផ្លាញខ្មែរគ្នាឯង (សម័យខ្មែរក្រហម ឬ​ ប៉ុល ពត) បានចប់រលត់នៅឆ្នាំ១៩៧៩។ ដីធ្លីនៅទូទាំងប្រទេស ត្រូវបានចែកជូនប្រជាពលរដ្ឋ ដើម្បីសង់លំនៅដ្ឋាន ធ្វើចំការ ធ្វើស្រែ ដោយមិនមានច្បាប់ និងយន្តការគ្រប់គ្រងច្បាស់លាស់ណាមួយឡើយ រហូតដល់ឆ្នាំ១៩៩៤ ទើបប្រទេសកម្ពុជា បានបង្កើតច្បាប់មួយដើម្បីគ្រប់គ្រងវិស័យដីធ្លីនៅកម្ពុជា នោះគឺច្បាប់ភូមិបាល ឆ្នាំ១៩៩៤ ប៉ុន្តែច្បាប់នេះហាក់ខ្លីពេក ហើយមិនមានខ្លឹមសារអនុវត្តគ្រប់គ្រាន់សម្រាប់វិស័យដីធ្លីនៅកម្ពុជានោះទេ។ ដូច្នេះហើយ ទើបក្នុងឆ្នាំ ២០០១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុម័តច្បាប់ភូមិបាលថ្មីមួយទៀត ដែលត្រូវបានប្រកាសអោយប្រើដោយព្រះរាជក្រមលេខ នស/រក/០៨០១/១៤ ។

ស្វែងរកបុរីនៅកម្ពុជា

នៅក្នុងច្បាប់ភូមិបាលថ្មីនេះ ថ្វីត្បិតតែវាមិនបានចែងអោយទូលំទូលាយ និងគ្រប់គ្រាន់ដើម្បីគ្រប់គ្រងវិស័យដីធ្លីនៅកម្ពុជាក៏ពិតមែន ប៉ុន្តែវាបានរួមចំណែកយ៉ាងច្រើនបំផុត ដើម្បីកំណត់អំពីយន្តការ ការគ្រប់គ្រង និយមន័យ និងរបបកម្មសិទ្ធិលើវិស័យដីធ្លីនៅកម្ពុជាបានយ៉ាងទូលំទូលាយ។ ច្បាប់ភូមិបាលគឺជាច្បាប់គ្រឹះដែលត្រូវបានអនុម័តឡើង ដើម្បីគ្រប់គ្រងវិស័យដីធ្លីនៅកម្ពុជា (ដែលហៅថា “វិស័យអចលនវត្ថុ”) ដូចជា សិទ្ធិ កាតព្វកិច្ច របស់ភោគី និងកម្មសិទ្ធិករនៃអចលនវត្ថុនៅព្រះរាជាណាចក្រកម្ពុជា និងក៏ជាច្បាប់ដែលចែងអំពី ភាពស្របច្បាប់ និងភាពមិនស្របច្បាប់នៃការកាន់កាប់ដីធ្លីនៅប្រទេសកម្ពុជាផងដែរ។

ច្បាប់ភូមិបាល ២០០១ មានចែងអំពីគោលការណ៍សំខាន់ពាក់ព័ន្ធនឹងវិស័យអចលនវត្ថុដូចខាងក្រោម៖

ដីតំបន់គួរស្រូវ

  • មានតែភោគៈត្រឹមត្រូវតាមច្បាប់ប៉ុណ្ណោះ ដែលអាចនាំអោយបានកម្មសិទ្ធិ មានន័យថា មានតែការកាន់កាប់ដីធ្លីដោយស្របច្បាប់ប៉ុណ្ណោះ ដែលអាចឈានទៅទទួលបានកម្មសិទ្ធិស្របច្បាប់នៃអចលនវត្ថុដែលខ្លួនកាន់កាប់បាន។ តាមរយៈច្បាប់ភូមិបាលនេះ ពាក្យថា “ភោគៈត្រឹមត្រូវតាមច្បាប់” លុះត្រាតែការកាន់កាប់អចលនវត្ថុនោះបានរយៈពេលគ្រប់ ៥ ឆ្នាំ ដោយគ្មានហិង្សា ដោយសុច្ចរិតត្រឹមត្រូវ ដោយពិតប្រាកដ មិនមានការក្លែងបន្លំ មានការដឹងឮជាសាធារណៈ និងគ្មានការអះខាន គឺការកាន់កាប់ជានិរន្ត នេះជាគោលការណ៍ទូទៅនៃការកាន់កាប់អចលនវត្ថុដោយស្របច្បាប់។ ទោះជាយ៉ាងណា ច្បាប់នេះបានកំណត់យ៉ាងច្បាស់ថា ចាប់ពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០០១ តទៅ មិនអនុញ្ញាតអោយមានការចូលកាន់កាប់អចលនវត្ថុណាមួយបានទៀតឡើយ ។
  • កម្មសិទ្ធិលើអចលនវត្ថុនៅព្រះរាជាណាចក្រកម្ពុជា មាន ០៤ ប្រភេទធំៗ ទីមួយ៖ អចលនវត្ថុជាកម្មសិទ្ធិឯកជន ទីពីរ៖ អចលនវត្ថុជាកម្មសិទ្ធិរបស់រដ្ឋ ទីបី៖ អចលនវត្ថុជាកម្មសិទ្ធិសមូហភាព ដីរបស់ជនជាតិភាគតិច និងទីបួន៖ អចលនវត្ថុជាកម្មសិទ្ធិរបស់វត្តអារាមពុទ្ធសាសនា ។
  • ទ្រព្យសម្បត្តិរបស់រដ្ឋ បែងចែកជា ០២ប្រភេទ គឺ ទីមួយ៖ ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដែលអាចជាកម្មវត្ថុនៃការ លក់ ការដូ ការបែងចែក ឬជួល បាន។ និង ទីពីរ៖ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ហើយទ្រព្យសម្បតិ្ត ឬ ដី សាធារណៈរបស់រដ្ឋ មិនអាចលក់ដូរបានឡើយ មានដូចជា សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ អគារសិក្សាសាធារណៈ ជាដើម ដែលបម្រើអោយផលប្រយោជន៍សាធារណៈទូទៅ ។
  • ដីរបស់សហគមន៍ជនជាតិដើមភាគតិច គឺជាដីទាំងអស់ដែលសហគមន៍បានរៀបចំនិវេសនដ្ឋាន និងប្រកបរបរកសិកម្មប្រពៃណី។
  • ដី ឬអចលនវត្ថុរបស់វត្ត មិនអាចជាកម្មវត្ថុនៃការលក់ដូរ ឬធ្វើអំណោយបានឡើយ ប៉ុន្តែអាចជួល ឬ ប្រវាស់បាន។ អចលនវត្ថុរបស់វត្តបានដល់ ដី និងសំណង់ ទាំងឡាយណា ដែលស្ថិតនៅក្នុង ឬក្រៅបរិវេនវត្តអារាមនៃពុទ្ធសាសនា ដែលត្រូវបានចាត់ទុកថា​ ជាបេតិកភ័ណ្ឌប្រើប្រាស់ជានិច្ចកាលសម្រាប់ពុទ្ធសាសនា និងដាក់អោយពុទ្ធសាសនិកប្រើប្រាស់ក្រោមការថែទាំ និងគ្រប់គ្រងដោយគណៈកម្មការវត្ត តាមរយៈសេចក្តីណែនាំ ឬប្រកាសរបស់ក្រសួងធម្មការ និងសាសនា។
  • ដី ឬកម្មសិទ្ធិរបស់ឯកជន សំដៅទៅលើកម្មសិទ្ធិនៃដី ឬសិទ្ធិកាន់កាប់ដីរបស់ជនម្នាក់ៗ ឬច្រើននាក់ ឬបស់នីតិបុគ្គល ដែលទទួលស្គាល់ដោយច្បាប់។ រាល់ការការកាន់កាប់ដីធ្លីនៅព្រះរាជាណាចក្រកម្ពុជា ត្រូវតែមានប័ណ្ណកម្មសិទ្ធិ ឬប័ណ្ណកម្មកាន់កាប់ដីធ្លី ដែលចេញដោយស្ថាប័នសុរិយោដី ទោះបីជាប័ណ្ណនោះ ជាប្រភេទប័ណ្ណភោគៈ ឬប័ណ្ណកម្មសិទ្ធិក៏ដោយ។ មុនពេលដែលនីតិវិធីនៃការចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធត្រូវបានរៀបចំឡើង រាល់ការកាន់កាប់ ដីនៅប្រទេសកម្ពុជា ត្រូវបានអាជ្ញាធរចេញត្រឹម ប្រភេទប័ណ្ណភោគៈប៉ុណ្ណោះ គឺជាប័ណ្ណដែលបញ្ជាក់ពីការកាន់កាប់ដីស្របច្បាប់ ប៉ុន្តែប័ណ្ណប្រភេទនេះអាចជាកម្មវត្ថុនៃការប្តឹងតវ៉ាពីតតិយជនបាន ហើយមិនមែនជាប័ណ្ណស្ថាពរដែលបញ្ជាក់ ពីកម្មសិទ្ធិ ១០០% នោះទេ ។

បុរសម្នាក់កំពុងដើរលើដីស្រែនៅតាមទីជនបទ

  • របបកម្មសិទ្ធិលើអចលនវត្ថុមុនឆ្នាំ១៩៧៩ មិនត្រូវបានទទួលស្គាល់ឡើយ មានន័យថា អ្នកដែលមានដី ឬអចលនវត្ថុ មុនឆ្នាំ១៩៧៩ មិនត្រូវបានទទួលស្គាល់ដោយរដ្ឋទេ គឺត្រូវចាត់ទុកជាមោឃៈ ។
  • មានតែរូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសញ្ជាតិខ្មែរប៉ុណ្ណោះ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើអចលនវត្ថុ (ដី) នៅព្រះរាជាណាចក្រកម្ពុជា។ ជនបរទេសមិនអនុញ្ញាតអោយមានកម្មសិទិ្ធដីធ្លីនៅ ព្រះរាជាណាចក្រកម្ពុជាឡើយ លើកលែងតែបរទេសរូបនោះ មានសញ្ជាតិខ្មែរ ឬទិញតាមរយៈអ្នកតំណាងជនជនខ្មែរ ។
  • តាមរយៈច្បាប់ភូមិបាលនេះផងដែរ បានចែងអំពីដីសម្បទានផងដែរ ដោយបានកំណត់ថា សម្បទានដី គឺជាការផ្តល់អោយនូវសិទ្ធិប្រើប្រាស់ និងអាស្រ័យផលលើដីតាមរយៈកិច្ចសន្យា សម្បទានមួយ ដែលមានរយៈពេលកំណត់តាមផ្លូវច្បាប់។ សម្បទានដីនៅព្រះរាជាណាចក្រ កម្ពុជាមាន ០២ ប្រភេទ គឺ សម្បទានដីសង្គមកិច្ច (គឺជាយន្តការនៃការផ្ទេរដី ឯកជនរបស់រដ្ឋ តាមផ្លូវច្បាប់ក្នុងគោលបំណងផ្តល់ដីដល់ជនក្រីក្រដែលខ្វះខាត  ឬគ្រួសារយោធិន ជាដើម ដើម្បីសង់លំនៅដ្ឋាន ឬធ្វើកសិកម្មជាលក្ខណៈគ្រួសារ ជាដើម និងសម្បទានដីសេដ្ឋកិច្ច (ជាប្រភេទសម្បទានដីមួយដែលជាក់លាក់ ដល់សម្បទានិកទាំងឡាយណាដើម្បីយកទៅអភិវឌ្ឍន៍ ឬដាំដុះ បង្ករបង្កើនផលលើដីនោះ ជាលក្ខណៈកសិកម្ម ឬកសិ-ឧស្សាហកម្ម ដោយថ្លៃឈ្នួលសម្បទានតាមច្បាប់ ហើយរយៈពេលសម្បទានមិនអាចមានរយៈពេល លើសពី ៩០ឆ្នាំបានទេ ហើយទំហំដីដែលត្រូវផ្តល់ដល់សម្បទានិក សម្រាប់ដីសម្បទានសេដ្ឋកិច្ច ក៏មិនអោយលើសពី ១០,០០០ ហិកតា ដែរ ។
  • ក្រៅពី “ខ” ទាំងឡាយខាងលើទៅ នៅមាន “ខ” ជាច្រើនទៀត និង “ខ” ដែលនិយាយពីទោសទណ្ឌនៃការកាន់កាប់ដី ឬអចលនវត្ថុដោយខុសច្បាប់ ការបំពាន ការរំលោភកម្មសិទ្ធិឯកជន និងសាធារណៈ ការចេញប័ណ្ណកាន់កាប់ ប័ណ្ណកម្មសិទ្ធិ លទ្ធកម្មកម្មសិទ្ធិ ការចុះបញ្ជីដី និងការចុះបញ្ជីហ៊ីប៉ូតែក ការដាក់បញ្ចាំ ការប្រវាស់ ការជួលនៃអចលនវត្ថុ (ដី និងសំណង់) ជាដើម ផងដែរ។ 

ក្រៅពីច្បាប់ភូមិបាល គេឃើញមានច្បាប់មួយទៀតដែលចែងយ៉ាងលម្អិតអំពីវិស័យដីធ្លី ដើម្បីបំពេញបន្ថែមទៅលើច្បាប់ភូមិបាល២០០១ ដែលមានភាពខ្វះខាត នោះគឺក្រមរដ្ឋប្បវេណីឆ្នាំ២០០៦ ដែលក្រមនេះ មានចែងបន្ថែមអំពីគោលការណ៍ នីតិវិធី បែបបទ ទម្រង់ និងរបៀបដំណើរ និងការចុះបញ្ជីផ្សេងៗពាក់ព័ន្ធនឹងវិស័យដីធ្លី (អចលនវត្ថុ) នេះ៕

ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ឬខុនដូសម្រាប់លក់នៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ! 

ចូលរួមប្រកួតប្រជែងពានរង្វាន់អចលនទ្រព្យ

Comments