ការវិនិយោគលើវិស័យដីធ្លីត្រូវបានគេមើលឃើញថា ជាប្រភពចំណូលសំខាន់ដ៏ធំដោយសារតែអ្នកវិនិយោគមានឱកាសទទួលបានការចំណេញប្រាក់យ៉ាងច្រើន ។ ប៉ុន្តែការវិនិយោគមួយចំនួនក៏ទទួលបរាជ័យផងដែរ ដោយសារតែកត្តាផ្សេងៗ ។ អ្នកជំនាញមួយចំនួនបានផ្តល់យោបល់ដើម្បីជួយបង្ហាញផ្លូវដល់អ្នកដែលមានបំណងវិនិយោគ ក្នុងវិស័យដីធ្លីឱ្យទទួលបានជោគជ័យ ។ ថ្ងៃនេះ Realestate.com.kh នឹងលើកយកចំណុចសំខាន់មួយចំនួនដើម្បីជាជំនួយគំនិតបន្ថែមសម្រាប់លោកអ្នកដែលចង់វិនិយោគលើដីធ្លី ៖
ទី១. ឈ្វេងយល់ឱ្យបានច្បាស់ពីតម្រូវការទីផ្សារ និងវិភាគស្ថានភាពទីផ្សារ
ក្នុងវិស័យអចលនទ្រព្យតម្រូវការទីផ្សារមានការផ្លាស់ប្តូរគ្រប់ពេលទៅតាមការវិវឌ្ឍនៃស្ថានភាពសង្គមជាតិមួយ ។ អ្នកដែលមានបំណងវិនិយោគក្នុងវិស័យអចលនទ្រព្យ គប្បីសិក្សាឈ្វេងយល់ឱ្យបានច្បាស់ពីរបត់សេដ្ឋកិច្ច និងតម្រូវការទាំងក្នុងពេលបច្ចុប្បន្ន និងប្រមើលមើលទៅក្នុងអនាគតផងដែរ ។ អាចនិយាយម្យ៉ាងទៀតថា ជាការឈ្វេងយល់ពីអ្វីដែលអតិថិជនត្រូវការ ហើយព្យាយាមបំពេញតម្រូវការនោះ ។
នៅពេលដែលអ្នកឈ្វេងយល់បានច្បាស់ទាក់ទងនឹងតម្រូវការទីផ្សារហើយ អ្នកត្រូវវិភាគស្ថានភាពនោះឱ្យបានត្រឹមត្រូវមុនចាប់ផ្តើមហក់ប្រឡូកចូលវិស័យដីធ្លី ។ ការឈ្វេងយល់ និងការវិភាគនេះអាចជួយឱ្យអ្នកចៀសផុតពីការផ្អើលតាមគ្នាដែលជាហេតុធ្វើឱ្យដីរបស់អ្នកកប់ចោល និងជួយឱ្យអ្នកអាចមើលឃើញឱកាសល្អមុនអ្នកដទៃ ។ ចំណុចនេះក៏មានន័យថា ការទិញលក់ដីធ្លីមិនមែនជាស្រមើស្រមៃ ។
ឧទាហរណ៍ជាក់ស្តែង ៖ យើងឃើញកំណើនភ្ញៀវទេសចរត្រូវការកន្លែងស្នាក់អាស្រ័យដែលមានបំពាក់ដោយបរិក្ខារទំនើប អ្នកវិនិយោគជាច្រើនបានចាប់ផ្តើមបង្កើតសណ្ឋាគារបែបទំនើបសម្រាប់បំពេញតាមតម្រូវការនេះ ។ នេះបញ្ជាក់ពីការមុនវិនិយោគគេសិក្សាច្បាស់ពីតម្រូវការទីផ្សារ និងវិភាគពីស្ថានភាពដើម្បីទទួលបានប្រាក់ចំណេញ ។
ទី២. តាមដានការវិវឌ្ឍឱ្យបានជាប់លាប់
ភាពជោគជ័យ និងបរាជ័យនៃវិស័យអចលនទ្រព្យស្ថិតនៅលើការសម្រេចចិត្តបន្តិចបន្តួចប៉ុណ្ណោះ ។ ដូច្នេះដើម្បីធ្វើការសម្រេចចិត្តធ្វើអ្វីមួយឱ្យបានត្រឹមត្រូវ អ្នកគប្បីតាមដាន និងសិក្សាឈ្វេងយល់ពីលក្ខណៈអចលនទ្រព្យ ដើម្បីកុំឱ្យធ្វើឱ្យខ្លួនជាប់អន្ទាក់ការវិវឌ្ឍដ៏លឿននៃវិស័យនេះ ។
ទី៣. មានផែនការវិនិយោគឱ្យបានច្បាស់លាស់
ចំណុចនេះ ជាចំណុចសំខាន់មួយដែលអ្នកវិនិយោគគួរយកចិត្តទុកដាក់ ។ វិនិយោគិនមានយុទ្ធសាស្ត្រផ្សេងៗគ្នាចំពោះការវិនិយោគរបស់ខ្លួន ។ មនុស្សមួយចំនួនទិញដីស្តុកទុក ដើម្បីរង់ចាំការអភិវឌ្ឍ ដែលធ្វើឱ្យតម្លៃដីរបស់គេកើនឡើងយ៉ាងខ្លាំង ។ ការធ្វើបែបនេះទាមទារឱ្យអ្នករង់ចាំរយៈពេលយូរ ដើម្បីទទួលបានប្រាក់ចំណេញមកវិញ ។ ដូច្នេះ អ្នកត្រូវពិចារណាពីលទ្ធភាពផ្ទាល់ខ្លួនឱ្យបានច្បាស់ថា តើអ្នកមានលទ្ធភាពទប់ទល់ហានិភ័យបានយូរប៉ុនណាជាដើម ។
លោក ច្រឹក សុខនីម ដែលជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា ការវិនិយោគលើដីទំនេរ ក៏មានសក្តានុពលផងដែរ ដែលជនបរទេស ដែលដឹងពីគម្រោងមេនៃទីក្រុង បោះទុនទីញដីដើម្បីចំណេញក្នុងរយៈពេល៥ ទៅ១០ឆ្នាំ។ ដូច្នេះ អ្នកត្រូវមានផែនការសមស្របមួយ ដើម្បីវិនិយោគយ៉ាងដូចម្តេចដើម្បីចំណេញ ហើយត្រូវពិនិត្យមើលលទ្ធភាពដែលអ្នកអាចវិនិយោគផងដែរ ដើម្បីចៀសវាងហានិភ័យដែលអាចកើតមានឡើង ៕
Comments