ជាទូទៅយើងបានដឹងថា ប្លង់រឹងជាប្រភេទប្លង់កម្មសិទ្ធិដែលរឹងមាំបំផុត និងមានសុវត្ថិភាពបំផុតក្នុងចំណោមប្លង់កម្មសិទ្ធិដ៏ទៃទៀត ។ ការទិញលក់ជាធម្មតារមែងត្រូវពិនិត្យមើលជាបឋមអំពីប្រភេទនៃប័ណ្ណកាន់កាប់ដីរបស់ម្ចាស់ដីក្នុងគោលបំណងឱ្យដឹងថា តើម្ចាស់ជាកម្មសិទ្ធិករមានប្លង់រឹង ឬគ្រាន់តែជាអ្នកកាន់កាប់ស្របច្បាប់មានត្រឹមប្លង់ទន់?
ជាក់ស្តែងប្រទេសកម្ពុជាមានកំណើនវិស័យអចលនទ្រព្យយ៉ាងខ្លាំងក្លាដែលបាន និងកំពុងស្រូបទាញវិនិយោគិនពីបរទេស និងរុញប្រជាជនក្នុងស្រុកយ៉ាងច្រើនឱ្យងាកមកវិនិយោគកាន់តែច្រើនឡើងនៅក្នុងវិស័យនេះ ទាំងវិស័យដីធ្លី និងវិស័យលំនៅឋាន ។
ស្របជាមួយគ្នានេះមានអ្នកភិវឌ្ឍន៍ និងជនខិលខូចមួយចំនួនបានកេងបន្លំក្នុងវិស័យអចលនទ្រព្យដោយផ្តល់ព័ត៌មានមិនមានភាពច្បាស់លាស់ដើម្បីទទួលបានផលចំណេញក្នុងរយៈពេលខ្លី ។ ពិតណាស់ប្រសិនបើអ្នកមិនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ទេនោះអ្នកនឹងអាចខាតបង់ទាំងពេលវេលា និងហិរញ្ញវត្ថុដោយឥតប្រយោជន៍។ ដើម្បីបញ្ជៀសពីហានិភ័យទាំងនេះវាប្រហែលជាត្រូវទាមទាឱ្យអ្នកទិញខ្លួនឯងបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ។
ប្រសិនបើទិញអចលនទ្រព្យប៉ះចំប្លង់រឹងក្លែងក្លាយ តើអ្នកទិញគួរធ្វើបែបណា?
ករណីប្លង់រឹងក្លែងក្លាយនេះ កាលពីដើមឆ្នាំ២០១៨កន្លងទៅមានករណីឆបោកលក់ដីដោយប្រើប្រាស់ប្លង់រឹងក្លែងក្លាយនៅក្នុងរាជធានីភ្នំពេញ ។ ការឆបោកនេះបានធ្វើឡើងជាស៊េរី ហើយម្ចាស់ដីនីមួយៗបានលក់ដីក្នុងតម្លៃក្រោមទីផ្សារទៅឱ្យម្ចាស់តែមួយ ។
ករណីខាងលើនេះអ្នកទិញបានពិនិត្យប្លង់ដី និងផ្ទៀងផ្ទាត់អត្តសញ្ញាណម្ចាស់កម្មសិទ្ធិករ, អត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារ ឃើញថាមានភាពត្រឹមត្រូវទាំងអស់ ។ ប៉ុន្តែប៉ុន្មានខែក្រោយមក បន្ទាប់ពីដាក់ឯកសារផ្ទេរកម្មសិទ្ធិដី ភូមិបាលខណ្ឌរកឃើញថាជាប្លង់ដីក្លែងក្លាយ ។
Comments