+855 92 92 1000
Logo
អត្ថបទណែនាំ៖ តើធ្វើដូចម្តេច ទើបទិញផ្ទះបានត្រឹមត្រូវ ដែលអាចជៀសវាងហានិភ័យ?
Updated on: June 6, 2022, 5:07 p.m.
Published on: September 13, 2019, 5:18 a.m.

អត្ថបទណែនាំ៖ តើធ្វើដូចម្តេច ទើបទិញផ្ទះបានត្រឹមត្រូវ ដែលអាចជៀសវាងហានិភ័យ?


អត្ថបទព័ត៌មានផ្ទះល្វែង

បច្ចុប្បន្នការផ្គត់ផ្គង់ផ្នែកលំនៅដ្ឋាន ហាក់កំពុងមានភាពរីកចម្រើនយ៉ាងសន្ធឹកសន្ធាប់ទាំង៖ គម្រោងទីក្រុងរណប គម្រោងបុរី និងគម្រោងលំនៅដ្ឋានតូចៗ ដែលមិនមានឈ្មោះនៅលើទីផ្សារអចលនទ្រព្យ។ អ្នកអភិវឌ្ឍក្នុងវិស័យអចលនទ្រព្យជាច្រើនបានចាប់ផ្តើមសំឡឹង និងងាកមកអភិវឌ្ឍគម្រោងលំនៅដ្ឋាន ដោយសារតែវិស័យនេះ កំពុងត្រូវប៉ាន់ និងកាក់កបនៅលើទីផ្សារអចលនទ្រព្យ។ 

មានការអះអាងជាច្រើនអំពីការផ្គត់ផ្គង់ផ្នែកលំនៅដ្ឋាន ដោយអ្នកជំនាញខ្លះអះអាងថា ការផ្គត់ផ្គង់នៅមានកម្រិងតិចតួចនៅឡើយ មិនគ្រប់គ្រាន់សម្រាប់តម្រូវការទិញ ឬតម្រូវការទីផ្សារ ប៉ុន្តែក៏មានការមើលឃើញថា ការផ្គត់ផ្គង់ផ្នែកលំនៅដ្ឋានហាក់បីដូចជាកំពុងលើសពីតម្រូវការ (oversupply) ដោយសារតែមើលឃើញថា គម្រោងលំនៅដ្ឋានជាច្រើន កំពុងមានបញ្ហាលើការលក់មិនដាច់។​

ទោះជាយ៉ាងណាអំណះអំណាងខាងលើ សុទ្ធតែមានសច្ចៈភាពពិតប្រាកដ ដោយមានហេតុផលត្រឹមត្រូវ ប៉ុន្តែអ្វីដែលជាចំណុចគួរឲ្យកត់សម្គាល់នោះ គឺគម្រោងលំនៅដ្ឋានតូចៗ ដែលមិនមានឈ្មោះ មិនមានប្រវត្តិអភិវឌ្ឍពីមុនមក ជាគម្រោងលំនៅដ្ឋានដែលមានតម្លៃថោកៗ ត្រឹមក្រោម ៥០,០០០ ដុល្លារ គឺពិតជាជួបបញ្ហាមួយចំនួនលើដំណើរការនៃការលក់ (លក់មិនសូវដាច់) គម្រោងគាំងជាដើម ដោយសារតែគម្រោង(ខ្លះ) ទាំងនោះ មិនមានច្បាប់ទំលាប់ត្រឹមត្រូវ អតិថិជនមិនទុកចិត្តលើការអភិវឌ្ឍ មិនទុកចិត្តលើគុណភាពសំណង់ តម្លៃផ្ទះ និងលក្ខខណ្ឌបង់ប្រាក់មិនអាចទទួលយកបានពីអតិថិជន និងការអភិវឌ្ឍគម្រោងហាក់មិនមានផែនការច្បាស់លាស់ជាដើម ។ 

ហេតុដូច្នេះហើយ អតិថិជន (អ្នកទិញផ្ទះ) ត្រូវតែគិតឲ្យបានច្បាស់លាស់ជាមុន មុនពេលសំរេចចិត្តទិញផ្ទះពីគម្រោងលំនៅដ្ឋានណាមួយ ជៀសវាងបញ្ហានៅពេលខាងមុខ ដូចបានលើកឡើងខាងលើ។ ជាការពិតណាស់ ដើម្បីទិញផ្ទះ ឲ្យបានត្រឹមត្រូវ មានរូបមន្ត និងការណែនាំផ្សេងៗគ្នា ហើយការណែនាំទាំងអស់នោះ សុទ្ធតែត្រឹមត្រូវដូចៗគ្នា គ្រាន់តែការប្រើប្រាស់តាមកាលៈទេសៈ និងបរិបទប៉ុណ្ណោះ ។

ចំណុចខាងក្រោមនេះ គឺជាការណែនាំខ្លះៗ ក្នុងការទិញផ្ទះឲ្យបានត្រឹមត្រូវ សម្រាប់លោក-អ្នកដែលចង់ទិញផ្ទះ សម្រាប់ការស្នាក់នៅធម្មតា សម្រាប់ប្រកបអាជីវកម្ម ឬការវិនិយោគ (លក់យកចំណេញ) ៖

១) ជ្រើសរើសទីតាំង ឬតំបន់ណាមួយដែលលោក-អ្នកពេញចិត្ត៖ 

រង្វង់មូលតំបន់ជាយក្រុង

ជាទីតាំងដែលមានសក្តានុពលសេដ្ឋកិច្ច និងអចលនទ្រព្យ (ទីតាំង ឬតំបន់ដែលកំពុងអភិវឌ្ឍ ឬមានសញ្ញាណអភិវឌ្ឍល្អក្នុងពេលអនាគត) ។ ទីតាំងគម្រោង ឬតំបន់ដែលគម្រោងកំពុងអភិវឌ្ឍនេះ គឺជារឿងទីមួយដែលលោក-អ្នកត្រូវជ្រើសរើសមុនគេ មុនពេលសំរេចចិត្តទិញផ្ទះ ទោះក្នុងគោលបំណងណាមួយក៏ដោយ។ 

លោក-អ្នកត្រូវជ្រើសរើសទីតាំងណាមួយដែលកំពុងអភិវឌ្ឍខ្លាំង ឬមានគម្រោងអភិវឌ្ឍនាពេលអនាគតដ៏ខ្លី តំបន់ដែលដីអាចឡើងថ្លៃ តំបន់ឧស្សាហកម្ម (រោងចក្រ) ឬតំបន់ពាណិជ្ជកម្ម ហើយទាក់ទាញការអភិវឌ្ឍខ្លាំងជាដើម។

ប្រសិនបើលោកអ្នកមិនអាចជ្រើសរើសទីតាំងល្អ និងមានសក្តានុពលល្អដោយខ្លួនឯងបាន លោកអ្នកគួរពឹងពាក់អ្នកជំនាញផ្នែកអចលនទ្រព្យណាម្នាក់ដើម្បីផ្តល់ការប្រឹក្សាយោបល់ជូនអ្នក។

២) ភាពស្របច្បាប់នៃការអភិវឌ្ឍគម្រោង៖

បុរីនៅកម្ពុជា

តើគម្រោងនោះមានច្បាប់ទំលាប់ត្រឹមត្រូវហើយឬនៅ? មុនពេលលោក-អ្នកទិញផ្ទះពីគម្រោងណាមួយ លោក-អ្នកត្រូវស៊ើបសួររកច្បាប់ទំលាប់ពីម្ចាស់ គម្រោង ឬអ្នកលក់ជាមុនសិន ហើយបើមានមន្ទិលសង្ស័យលើគម្រោងនោះ លោក-អ្នកត្រូវស្រាវជ្រាវ ឲ្យច្បាស់លាស់ពីគម្រោងនោះដោយខ្លួនឯង ឬជួលអ្នកជំនាញផ្នែកស្រាវជ្រាវគម្រោង ឬអ្នកស្រាវជ្រាវណាមួយក៏ដោយដែលលោកអ្នកទុកចិត្តឲ្យសិក្សា និងស្រាវជ្រាវពី ច្បាប់ទំលាប់នៃការអភិវឌ្ឍគម្រោងនោះ មានដូចជា៖ តើគម្រោងនោះ បានធ្វើការចុះបញ្ជីក្រុមហ៊ុនហើយឬនៅ? មានប័ណ្ណប៉ាតង់ទេ? មានអាជ្ញាប័ណ្ណអភិវឌ្ឍលំនៅដ្ឋានទេ? មានច្បាប់សាងសង់ទេ? ជាដើម។

លោក-អ្នកអាចស៊ើបសួររឿងទាំងអស់នេះបាន ពីមន្ត្រី ឬអាជ្ញាធរមូលដ្ឋាន (ថ្នាក់ភូមិ ឃុំ-សង្កាត់ ស្រុក-ខណ្ឌ) រហូតដល់ សុរិយោដីស្រុក-ខណ្ឌ ខេត្ត-ក្រុង និងនៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សាលាខេត្ត-ក្រុង ជាដើម និងអាជ្ញាធរ ឬស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ពាក់ព័ន្ធនឹងការអភិវឌ្ឍលំនៅដ្ឋាននេះ (នៅអត្ថបទក្រោយ យើងខ្ញុំនឹងណែនាំអំពីថាតើធ្វើដូចម្តេច ដើម្បីក្លាយខ្លួនជាអ្នកអភិវឌ្ឍលំនៅដ្ឋានស្របច្បាប់នៅកម្ពុជា)។ 

ចំណាំ៖ ជាគោលការណ៍ ប្រសិនបើគម្រោងលំនៅដ្ឋានដែលលោកអ្នកចង់ទិញនោះ ជាគម្រោងស្របច្បាប់ គេតែងដាក់តាំង (ភ្ជួរ) នៅក្នុងការិយាល័យលក់ នូវច្បាប់ទំលាប់ទាំងអស់នោះឲ្យអតិថិជនមើលឃើញជាសាធារណៈ មានដូចជា៖ វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម ប័ណ្ណប៉ាតង់ លិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ អាជ្ញាប័ណ្ណអភិវឌ្ឍអចលនទ្រព្យ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាដើម ។ 

៣) ប័ណ្ណកម្មសិទ្ធិដីធ្លី៖

ជាការពិតណាស់ រឿងមួយដែលលោក-អ្នកត្រូវតែចង់ចាំ គឺថា រាល់ការអភិវឌ្ឍគម្រោងលំនៅដ្ឋានដែលស្របច្បាប់ ត្រូវតែធ្វើឡើងលើទីតាំងដីមួយកន្លែង ដែលមានប្លង់រឹង ជាដាច់ខាត ដែលអាចជា (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ ឬ ប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនទ្រព្យ)។ ប្រសិនបើដីទាំងមូលដែលយកមកអភិវឌ្ឍជាគម្រោងនោះ មិនមានប្លង់រឹង គឺគេមិនអាចស្នើសុំច្បាប់សាងសង់លំនៅដ្ឋានដើម្បីដាក់លក់ជូនអតិថិជនបានទេ ។ 

ប័ណ្ឌបំបែកក្បាលដី

ដូច្នេះ លោក-អ្នកគួរតែទិញផ្ទះពីគម្រោងលំនៅដ្ឋានណាមួយដែលមានប្លង់រឹង ហើយបានបំបែកក្បាលដីរួចជាស្រេច សម្រាប់ទុកកាត់ឈ្មោះជូនអតថិជន (អ្នកទិញ) នៅពេលដែលអតិថិជនបង់លុយគ្រប់លក្ខខណ្ឌ។ មូលហេតុសំខាន់មួយទៀត ប្រសិនបើដីរបស់គេមានប្លង់រឹង តែគេមិនកាត់ឈ្មោះប្លង់រឹងឲ្យអ្នកទិញ គឺកាត់ឈ្មោះត្រឹម ឃុំ-សង្កាត់ ឬស្រុក-ខណ្ឌ លោក-អ្នកមិនគួរទិញផ្ទះពីគម្រោងនោះទេ ដោយហេតុផលថា ដីរបស់គម្រោងទាំងមូលនោះ ប្រហែលជាត្រូវជាប់ធនាគារបាត់ទៅហើយ ឬជាប្លង់ក្លែងក្លាយ ជាដើម។

៤) គម្រោងខ្យល់៖

ភ្នំរាប

ពាក្យថា “គម្រោងខ្យល់” នៅទីនេះ មានច្រើនរូបភាព មានដូចជា៖ គម្រោងខ្លះ អត់មានទាំងរៀបចំ ឩបករណ៍ និងសម្ភារៈទីផ្សារ ប្លង់ស្ថាបត្យកម្មនៃសំណង់លំនៅដ្ឋានរបស់ខ្លួន ហើយចេះតែមកលក់ មានតែដីទទេ និងធ្វើជាឈូសឆាយបន្តិចបន្តួច គម្រោងខ្លះក៏មានធ្វើជាបុកគ្រឹះចោល ឲ្យគេមើលប៉ុណ្ណោះ អត់មានទុន អត់មានផែនការ អត់មានយុទ្ធសាស្ត្រ (ទាំងយុទ្ធសាស្រ្តលក់ យុទ្ធសាស្រ្តគ្រប់គ្រង និងការដឹកនាំ ) ជាដើម ។ 

គ្រាន់តែបោះពុម្ពក្រដាសផ្សព្វផ្សាយបន្តិចបន្តួច ក្រុមលក់ ៤-៥នាក់ ក៏តាំងផ្តើមលក់គម្រោងលំនៅដ្ឋានរបស់ខ្លួនលក់ ១ ឆ្នាំ ដាច់បាន ៥-១០ ផ្ទះ ដល់កាលបរិច្ឆេទកំណត់ ត្រូវប្រគល់ផ្ទះឲ្យអតិថិជន តើត្រូវធ្វើដូចម្តេច? លុយមិនគ្រប់គ្រាន់ក្នុងការអភិវឌ្ឍ អាងលើការបញ្ជាទិញរបស់អតិថិជន ចុះបើលក់មិនដាច់តាមការរំពឹងទុក វានឹងមានរឿងអ្វីកើតឡើង? បើមិនទុកចិត្តកុំទិញផ្ទះពីគម្រោងណាមួយដែលមិនច្បាស់លាស់។

គម្រោងខ្លះអភិវឌ្ឍក្នុងរូបភាពចូលហ៊ុនគ្នា ដោយយកដីរបស់អ្នកផ្សេងយកមកអភិវឌ្ឍជាគម្រោង លំនៅដ្ឋាន (ធ្វើផ្ទះល្វែងលក់)។ ប៉ុន្តែដល់ធ្វើមិនបានជោគជ័យ គ្មានលុយបង្វិលជូនម្ចាស់ដី គម្រោងត្រូវជាប់គាំង ក្នុងករណីនេះ តើអតិថិជនដែលបានបញ្ជាទិញរួចហើយ ត្រូវគិតយ៉ាងម៉េច? នេះជា “ហានិភ័យ” ដែលអតិថិជនខ្លះ ផ្ទះក៏មិនបាន លុយក៏យកវិញមិនបាន។ តើត្រូវធ្វើដូចម្តេច? មានតែប្តឹងផ្តល់ ប៉ុន្តែប្ដឹងផ្តល់ហើយ បានអ្វីមកវិញ? ខាតលុយ និងពេលវេលា ថែមទៀត ។

តម្លៃផ្ទះ និងលក្ខខណ្ឌបង់ប្រាក់៖

ប្រាក់ដុល្លារ

តម្លៃផ្ទះ និងលក្ខខណ្ឌបង់ប្រាក់ ក៏ជាប្រការសំខាន់ណាស់ដែរ ដែលអ្នកទិញគួរតែពិនិត្យ និងជ្រើសរើសឲ្យបានត្រឹមត្រូវ។ គម្រោងមួយចំនួន តម្លៃផ្ទះក៏ថ្លៃ លក្ខខណ្ឌបង់ប្រាក់ក៏តឹង បូករួមនឹងការប្រាក់ថ្លៃទៀត មិនសាកសមនឹងទីតាំង។ អ្វីដែលគួរឲ្យកត់សម្គាល់ជាងគេ គឺករណីការប្រាក់ សម្រាប់លោក-អ្នកទិញផ្ទះទុកលក់យកចំណេញ មិនគួរទិញផ្ទះបង់រំលោះដោយមានជាប់ការប្រាក់នោះទេ ព្រោះបច្ចុប្បន្ននេះ តម្លៃផ្ទះក្នុងមួយឆ្នាំៗឡើងបានតិចណាស់ ចន្លោះពី ១០-២០% ប៉ុណ្ណោះ ហើយបើលោក-អ្នកទិញផ្ទះបង់រំលោះ ដោយមានអត្រាការប្រាក់ ១% ក្នុងមួយខែ គឺលោក-អ្នកត្រូវចំណាយអស់ ១២% ក្នុងមួយឆ្នាំទៅហើយ។​

ដូច្នេះ មានន័យថា លោក-អ្នកស្ទើតែអស់ប្រាក់ចំណេញទៅហើយ ហើយផ្ទះបច្ចុប្បន្នទៀតសោត លក់ចេញមិនសូវដាច់ទៀត ប្រហែលជាលោកអ្នកត្រូវខាតបង់់ប្រាក់ក្នុងការបង់ការប្រាក់ ជូនម្ចាស់គម្រោង ហើយក្តីសង្ឃឹមលើប្រាក់ចំណេញ ហាក់នៅឆ្ងាយទៅហើយ។​​ មួយវិញទៀត 

ប្រសិនបើលោក-អ្នកទិញផ្ទះនៅកន្លែងខ្លះ មិនមានប្រាក់ចំណេញទៀត។ ដូច្នេះ ការទិញផ្ទះ មិនមែនឲ្យតែឮគេថា ទិញចំនេញ ឬល្អ ក៏ទិញភ្លាមនោះមិនកើតទេ គឺត្រូវវិភាគ និងពិនិត្យពិច័យឲ្យបានច្បាស់លាស់។

) ព័ត៌មានបំប៉ោង ឬបោកប្រាស់៖ 

គម្រោងមួយចំនួនចូលចិត្តប្រើប្រាស់ព័ត៌មានបំប៉ោង ឬបោកប្រាស់អតថិជន តាមរយៈរូបភាព បង្កើតជាគម្រោងផ្សារនៅក្នុងគម្រោងរបស់ខ្លួន មានកន្លែងកំសាន្ត មានរមនីយដ្ឋាន កន្លែងហាត់ប្រាណ សាលារៀន សួនលំហែកាយ ជាដើម ។ល។ ប៉ុន្តែធាតុពិត ពួកគេដឹងច្បាស់ណាស់ថា មិនអាចដំណើរការផ្សារ ឬគម្រោងនានាដែលបានអះអាងនោះបានដោយស្រួលឡើយ។ ព្រោះគម្រោងរបស់គេ ជាគម្រោងខ្នាតតូច មិនគ្រប់តម្រូវការនៃការអភិវឌ្ឍជាផ្សារ ឬរមនីយដ្ឋានដូចដែលពួកគេបានលើកឡើងនោះទេ ហើយណាមួយការដំណើរការផ្សារមួយ មិនមែនជារឿងងាយស្រួល ដូចការផ្សព្វផ្សាយនោះទេ ត្រូវមានធនធានលុយកាក់ មានអ្នកគ្រប់គ្រង និងដឹកនាំដំណើរការច្បាស់លាស់ ត្រូវមានផែនការ និងយុទ្ធសាស្ត្រ ដោយមានទាំងអ្នកលក់ក្នុងផ្សារ និងអ្នកទិញប្រសព្វគ្នា ទើបអាចដំណើរការទៅរួច។​

៧) ហេដ្ឋារចនាសម្ព័ន្ធគម្រោង៖

ហេដ្ឋារចនាសម័ន្ធ

មានគម្រោងមួយចំនួន បានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមិនត្រឹមត្រូវតាមស្តង់ដារបុរី ឬគម្រោងលំនៅដ្ឋានឡើយ ដោយធ្វើផ្លូវត្រឹមតែ ៦ម៉ែត្រ ឬត្រឹម ៨ម៉ែត្រ ប៉ុន្តែមិនទុកចំណីផ្លូវមុខផ្ទះឡើយ គឺមានតែតួរផ្លូវ ៨ម៉ែត្រ រីឯផ្ទះធ្វើដល់គែមផ្លូវតែម្តង ឬសល់ត្រឹម ១ ម៉ែត្រ ដល់គែមផ្លូវតែម្តង ។ ចំណែកការអភិវឌ្ឍក្នុងគម្រោងវិញ យឺតយ៉ាវហួសពីការស្មាន ម្តងលើកទៅថ្ងៃនេះ ម្តងលើកទៅថ្ងៃនោះ ជាដើម។ 

មួយវិញទៀត​ ប្រព័ន្ធលូបង្ហូរទឹកក៏មិនបានរៀបចំត្រឹមត្រូវតាមស្តង់ដារ។ នេះជាហេតុផលមួយ ដែលអ្នកទិញគួរពិនិត្យពិច្ច័យ ឲ្យបានច្បាស់លាស់មុនពេលទិញផ្ទះពីគម្រោងនោះ។

៨) អ្នកអភិវឌ្ឍគម្រោង និងប្រវត្តិនៃការអភិវឌ្ឍអចលនទ្រព្យ៖ 

ដោយសារតែបទពិសោធន៍កន្លងមកច្រើនជួបបញ្ហាទៅលើអ្នកអភិវឌ្ឍគម្រោងដែលមិនមានបទពិសោធន៍ មិនធ្លាប់ធ្វើផ្ទះលក់ មិនធ្លាប់រកស៊ីក្នុងវិស័យលំនៅដ្ឋាន ហើយម្យ៉ាងគាត់មិនមានដើមទុនគ្រប់គ្រាន់ និងមិនមានធនធានគ្រប់គ្រាន់ទៀតនោះ ច្រើនតែធ្វើឲ្យគម្រោងរបស់គាត់មានបញ្ហាជានិច្ចកាល ។ 

ដូច្នេះអ្នកទិញគួរចេះប្រយ័ត្នប្រយ៉ែងឲ្យបានល្អ មុននឹងទិញផ្ទះពីម្ចាស់គម្រោងណាមួយដែលមិនមានប្រវត្តិច្បាស់លាស់។

៩) កម្មសិទិ្ធនៃគម្រោង និងអ្នកអភិវឌ្ឍ

ប្លង់កម្មសិទ្ធិ

ជាការល្អ អ្នកគួរតែទិញផ្ទះពីគម្រោងណាមួយ ដែលមានឈ្មោះម្ចាស់គម្រោងនៅលើប័ណ្ណកម្មសិទ្ធិដីធ្លី ប្រសើរជាជាងទិញផ្ទះពីគម្រោងណាមួយដែលម្ចាស់គម្រោងឈ្មោះផ្សេង ឯម្ចាស់ដីឈ្មោះផ្សេងៗ ទោះបីជាពួកគាត់ធ្វើក្នុងនាមចូលហ៊ុនគ្នាក៏ដោយចុះ ព្រោះការរកស៊ីចូលហ៊ុន ឬសហការគ្នា ម្នាក់មានដី ម្នាក់មានលុយអភិវឌ្ឍ ឬម្នាក់មានជំនាញអភិវឌ្ឍគម្រោងនេះច្រើនជួបបញ្ហា។ 

បញ្ហាដែលជួបប្រទះកន្លងមកនេះ គឺបញ្ហាទូទាត់លុយមិនសមស្របតាមការព្រមព្រៀងគ្នា ឬទូទាត់លុយមិនទាន់ ឬអត់មានលុយទូទាត់ជូនម្ចាស់ដីតែម្តង។ 

ដូច្នេះ បើលោក-អ្នកទិញផ្ទះចំ គម្រោងបែបនេះ ប្រហែលជាអាចនឹងជួបបញ្ហាច្រើនជាងមិនជួបបញ្ហា ដូចរឿងរ៉ាវដែលកើតឡើងកន្លងមក ហើយរឿងដែលកើតឡើងញឹកញាប់ធ្វើឲ្យគម្រោងមានបញ្ហា គឺរឿងលុយកាក់បង្វិលមិនទាន់ អ្នកអភិវឌ្ឍគម្រោង និងម្ចាស់ដីមានទំនាស់នឹងគ្នា ធ្វើឲ្យគម្រោងមានបញ្ហា អ្នកទទួលរងគ្រោះគឺអតិថិជនដែលបានបញ្ជាទិញ។

១០) ជ្រើសរើសគម្រោង ១ ក្នុងចំណោម ៥៖ 

ភ្នាក់ងារ និងអ្នកទិញ

ដើម្បីទិញផ្ទះឲ្យបានត្រឹមត្រូវ លោក-អ្នកត្រូវពិនិត្យមើលគម្រោង យ៉ាងតិច ៥ មកជ្រើសរើស ហើយពិចារណាគម្រោងត្រឹម ៣ ហើយចុងក្រោយជ្រើសរើសយកតែមួយ។

បើលោក-អ្នកអាចធ្វើតាមការនែនាំនេះបាន លោក-អ្នកមិនងាយទិញផ្ទះខុសទេ។ ការដែលធ្វើដូច្នេះ គឺជួយលោក-អ្នកឲ្យធ្វើការសម្រេចចិត្តទិញផ្ទះបានត្រឹមត្រូវ តាមរយៈវិធីប្រៀបធៀប ទីតាំងគម្រោង តម្លៃ និងលក្ខខណ្ឌបង់ប្រាក់ អត្រាការប្រាក់ គុណភាពសំណង់ ម៉ូដផ្ទះ សោភ័ណភាពនៃគម្រោង ច្បាប់ទំលាប់នៃគម្រោងជាដើម នៅពេលពិនិត្យឃើញច្បាស់ថា គម្រោងមួយណាសមរម្យជាងគេ គឺលោក-អ្នកត្រូវជ្រើសរើសយកគម្រោងមួយនោះ ហើយ ដើម្បីទិញផ្ទះតាមក្តីសុបិន្តរបស់លោក-អ្នក បានត្រឹមត្រូវ។

ដូច្នេះ ដើម្បីទិញផ្ទះបានត្រឹមត្រូវ លោក-អ្នកអាចធ្វើតាមការណែនាំខាងលើ នោះប្រាកដណាស់ លោក-អ្នកមិនងាយនឹងបាត់បង់ផលប្រយោជន៍ ឬជួបហានិភ័យណាមួយពីការទិញផ្ទះឡើយ៕

ប្រសិនបើអ្នកចង់ស្វែងរកអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ អចលនទ្រព្យសម្រាប់ជួលនៅទីក្រុងភ្នំពេញ សូមចូលទៅកាន់គេហទំព័រ Realestate.com.kh ថ្ងៃនេះ! 

ពិព័រណ៍អចលនទ្រព្យ



Comments