+855 92 92 1000
Logo
តើធ្វើដូចម្តេចទើបអាចក្លាយជាភ្នាក់ងារអចលនវត្ថុស្របច្បាប់នៅកម្ពុជា?
Updated on: June 3, 2022, 4:11 p.m.
Published on: September 5, 2019, 10:45 a.m.

តើធ្វើដូចម្តេចទើបអាចក្លាយជាភ្នាក់ងារអចលនវត្ថុស្របច្បាប់នៅកម្ពុជា?


ខណៈវិស័យអចលនវត្ថុ កំពុងតែមានភាពរីកចម្រើននៅកម្ពុជាក៏មានក្រុមហ៊ុន  ភ្នាក់ងារ អ្នកគក់ជេ និងអ្នករកស៊ីដីធ្លីយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ ដែលកំពុងរកស៊ីក្នុងវិស័យមួយ នេះ។ បច្ចុប្បន្ន មានក្រុមហ៊ុនដែលផ្តល់សេវាកម្មភ្នាក់ងារអចលនវត្ថុជិត ២០០ ក្រុមហ៊ុនប៉ុណ្ណោះ ដែលបានចុះបញ្ជី និងស្នើសុំអាជ្ញាប័ណ្ណនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃប្រទេសកម្ពុជា ។

ក្រៅពីនេះមានក្រុមហ៊ុន ភ្នាក់ងារ និងអ្នកគក់ជេដីធ្លីរាប់មិនអស់នៅទូទាំងប្រទេស។ អ្វីដែលជាការកង្វល់សព្វថ្ងៃនេះ គឺមានអ្នកគក់ជេគ្រប់ប្រភេទ និងគ្រប់រូបភាព មានទាំងកសិករនៅតាមភូមិ មានទាំងអ្នករត់ម៉ូតូឌុប អ្នករត់ទុកទុក និង កង់បី (Pass App) មានទាំងគ្រូបង្រៀន មានទាំងមេភូមិ មេឃុំ ស្មៀន មន្រ្តីរាជការ មានទាំងប៉ូលីស ទាហ៊ាន មេធាវី ។ល។ នាំគ្នារកស៊ីធ្វើជាអ្នកគក់ជេដីធ្លីស្ទើរតែគ្មានចន្លោះភូមិស្រុកទៅហើយ។

កត្តានេះបានធ្វើអោយមានកង្វល់ដល់បណ្តាអ្នករកស៊ីស្របច្បាប់ អ្នកមានជំនាញវិជ្ជាជីវៈត្រឹមត្រូវ ភ្នាក់ងារអចលនវត្ថុស្របច្បាប់ និងក្រុមហ៊ុនដែលបានចុះបញ្ជី និងមានអាជ្ញាប័ណ្ណ ត្រឹមត្រូវ ដោយសារតែកំណើនរបស់អ្នកគក់ជេគ្មានច្បាប់ទំលាប់ទាំងអស់នោះ។ 

ទោះជាយ៉ាងណា បច្ចុប្បន្នក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបាននឹងកំពុងធ្វើការយ៉ាងសស្រាក់ស្រាំដុតដៃដុតជើងក្នុងការរៀបចំច្បាប់ និងវិធានផ្សេងៗ ក្នុងន័យទប់ស្កាត់ និងកាត់បន្ថយក្រុមអ្នករកស៊ីបែបគក់ជេដីធ្លី ដោយច្បាប់ទំលាប់ទាំងនោះ ជៀសវាងភាពច្របូកច្របល់ ដែលធ្វើប៉ះពាល់ដល់ប្រយោជន៍ពីរ គឺប្រយោជន៍ប្រយោជន៍អ្នករកស៊ីស្របច្បាប់ និងការបាត់បង់ចំណូលពន្ធចូលរដ្ឋរាប់ម៉ឺនសែនដុល្លារក្នុងមួយឆ្នាំៗ។

ដូច្នេះ តើអ្នករកស៊ីដីធ្លីបែបណា ទើបអាចកំណត់បានថាគ្មានច្បាប់ទំលាប់?

ភាសាសាមញ្ញ គេហៅបុគ្គលនោះថា “អ្នកគក់ជេ” ដែលគេនិយមហៅជាទូទៅចំពោះ អ្នករកស៊ីដីធ្លីគ្រប់ប្រភេទខាងលើ ដែលមិនទាន់ទទួលស្គាល់ដោយច្បាប់នៃប្រទេសកម្ពុជា (មិនមានកាន់វិញ្ញាបនបត្រវិជ្ជាជីវៈដែលផ្តល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) និងមិនដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាញភ្នាក់ងារអចលនវត្ថុជាដើម។ល។

យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃប្រទេសកម្ពុជា (ប្រកាសលេខ ៦៣៦ សហវ.ប្រក ស្តីពីការគ្រប់គ្រងអាជីវកម្មផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មភ្នាក់ងារអចលនវត្ថុ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧) បុគ្គលអ្នករកស៊ីដីធ្លីគ្រប់ប្រភេទ ដើម្បីអោយក្លាយខ្លួនជាភ្នាក់ងារអចលនវត្ថុស្របច្បាប់ត្រូវកាន់វិញ្ញាបនប័ត្រវិជ្ជាជីវៈសេវាកម្មអចលនវត្ថុ (សូមមើលគំរូវិញ្ញាបនបត្រខាងក្រោម)។


ប៉ុន្តែទោះជាយ៉ាងណា សម្រាប់បុគ្គលមិនអាចស្នើសុំកាន់វិញ្ញាបនប័ត្រនេះ បានដោយខ្លួនឯងទេ គឺត្រូវស្នើសុំតាមរយៈក្រុមហ៊ុនណាមួយ ដែលមានអាជ្ញាប័ណ្ណភ្នាក់ងារអចលនវត្ថុ ដែលចេញដោយក្រសួង (អាជ្ញាប័ណ្ណភ្នាក់ងារអចលនវត្) មានន័យថា បើលោក-អ្នកចង់ក្លាយជាភ្នាក់ងារអចលនវត្ថុស្របច្បាប់នៅកម្ពុជា មានច្រក ឬផ្លូវ ០២ យ៉ាង ដែលអាចជួយលោក-អ្នកបាន៖

អាជ្ញាប័ណ្ណភ្នាក់ងារអចលនវត្

  • ទីមួយ៖ លោក-អ្នកត្រូវតែជាបុគ្គលិកពេញសិទ្ធិ (បុគ្គលិកចុះកិច្ចសន្យា) របស់ក្រុមហ៊ុនអចលនវត្ថុណាមួយដែលមានអាជ្ញាប័ណ្ណ ហើយបំពេញលក្ខខណ្ឌតម្រូវរបស់ក្រុមហ៊ុននោះ បន្ទាប់មកលោក-អ្នកអាចសុំអោយក្រុមហ៊ុន ដាក់ពាក្យទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីស្នើសុំអោយក្រសួងចេញវិញ្ញាបនប័ត្រវិជ្ជាជីវៈជូនលោក-អ្នក នៅពេលដែលក្រសួងចេញអោយហើយនោះ លោក-អ្នកនឹងក្លាយជាភ្នាក់ងារអចលនវត្ថុស្របច្បាប់ ១០០% នៅកម្ពុជា ។

  • ទីពីរ៖ លោក-អ្នកមិនចាំបាច់ធ្វើជាបុគ្គលិកពេញសិទ្ធិរបស់ក្រុមហ៊ុនណាមួយក៏បាន ប៉ុន្តែលោក-អ្នកត្រូវជ្រកក្រោមម្លប់នៃក្រុមហ៊ុនណាមួយនោះ តាមរយៈធ្វើជាភ្នាក់ងារឯករាជ្យ ចុះកិច្ចសន្យា Freelancer របស់ក្រុមហ៊ុននោះជាដើម ។ បញ្ជាក់៖ បច្ចុប្បន្នក្រុមហ៊ុនទាំងនោះមាន ដូចជា Century 21 និង Keller William (KW) ជាដើម ដែលអនុញ្ញាតអោយអ្នកមានក្តីស្រមៃចង់រកស៊ីស្របច្បាប់ក្នុងវិស័យដីធ្លី អាចចុះកិច្ចសន្យាធ្វើជាភ្នាក់ងារឯករាជ្យរបស់ក្រុមហ៊ុនទាំងនោះបាន ពេលដែលគ្រប់លក្ខខណ្ឌតម្រូវ លោក-អ្នកអាចសុំអោយក្រុមហ៊ុនណាមួយនោះ ស្នើសុំទៅក្រសួងដើម្បីអោយលោក-អ្នកអាចកាន់វិញ្ញាបនបត្រវិជ្ជាជីវៈបាន ។

ទោះបីជាយ៉ាងណា ការអនុវត្តជាក់ស្តែងនាពេលបច្ចុប្បន្ននេះ គេឃើញថានៅមានករណីលើកលែង និងអនុគ្រោះច្រើន ដោយក្រុមហ៊ុនដែលមានភ្នាក់ងារអចលនវត្ថុច្រើន ប៉ុន្តែអ្នកកាន់វិញ្ញាបនប័ត្រវិជ្ជាជីវៈមានតែម្នាក់ ឬ ២-៣ នាក់ប៉ុណ្ណោះ ចំណែកអ្នកផ្សេងទៀត អាចបំពេញការងារជាភ្នាក់ងារអចលនវត្ថុស្របច្បាប់ បានដោយមិនចាំបាច់កាន់វិញ្ញាបនប័ត្រ ដោយគ្រាន់តែខ្លួនជាបុគ្គលិករបស់ក្រុមហ៊ុន ឬចុះកិច្ចសន្យាធ្វើការក្រៅម៉ោងជាមួយក្រុមហ៊ុនណាមួយដែលមានអាជ្ញាប័ណ្ណជាការស្រេច។ 

ភាពខ្វះចន្លោះ និងការអនុគ្រោះត្រង់ចំនុចនេះ នឹងត្រូវមានការកែតម្រូវ ឬរឹតបណ្តឹងនៅពេលខាងមុខក្នុងរយៈពេលណាមួយមិនខាន ដោយក្រសួងនឹងតម្រូវដាច់ខាតថា គ្រប់ក្រុមហ៊ុនទាំងអស់ដែលមានបុគ្គលិកបំពេញសេវាកម្មភ្នាក់ងារអចលនវត្ថុត្រូវតែកាន់វិញ្ញាបនប័ត្រជាដាច់ខាត ទាំងបុគ្គលិកពេញសិទ្ធិ និងបុគ្គលិកធ្វើការក្រៅម៉ោង។

ខាងក្រោមនេះ គឺជាលក្ខណ្ឌ និងឯកសារតម្រូវ ដើម្បីស្នើសុំកាន់វិញ្ញាបនប័ត្រវិជ្ជាជីវៈអ្នកជំនាញភ្នាក់ងារអចលនវត្ថុ៖

  •  ពាក្យស្នើសុំវិញ្ញាបនបត្រ របស់សាម៉ីខ្លួន (មានគំរូ)

  • រូបថត 4x6 របស់អ្នកស្នើសុំ ចំនួន ០៣សន្លឹក

  • ប្រវត្តិរូបសង្ខេប និងថតចំលងវិញ្ញាបនបត្រ និងលិខិតបញ្ជាក់បទពិសោធន៍ការងារទាក់ទងនឹងជំនាញវិជ្ជាជីវៈអចលនវត្ថុ

  • ថតចំលងបរិញ្ញាបត្រ ឬសញ្ញាបត្រប្រហាក់ប្រហែល ឬវិញ្ញាបនបត្រ ឬសញ្ញាបត្រផ្នែកភ្នាក់ងារអចលនវត្ថុដែលចេញដោយគ្រឹះស្ថានបណ្តុះបណ្តាលណាមួយដែលទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

  • លិខិតថ្កោលទោសរបស់សាម៉ីខ្លួន ដែលចេញដោយក្រសួងយុត្តិធម៌ នៃប្រទេសកម្ពុជា

  • ថតចំលងអត្តសញ្ញាណប័ណ្ណរបស់សាម៉ីខ្លួន

  • ថតចំលងសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច

តាមរយៈលក្ខខណ្ឌតម្រូវខាងលើ អ្នកចង់កាន់វិញ្ញាបនបត្រខាងលើ យ៉ាងហោចណាស់ ត្រូវធ្លាប់បានរៀនជំនាញភ្នាក់ងារអចលនវត្ថុនៅគ្រឹះស្ថានបណ្តុះបណ្តាលណាមួយដែលទទួលស្គាល់ក្រសួង ឬមានបទពិសោធន៍ការងារនៅក្រុមហ៊ុនណាមួយ យ៉ាងតិច ០៦ ខែ ផ្នែកភ្នាក់ងារអចលនវត្ថុនេះ ក្រៅពីនេះគ្រាន់តែជាលក្ខខណ្ឌរណប ដែលអាចរៀបចំ និងធ្វើវាបាននៅពេលគ្រប់លក្ខខណ្ឌទាំងពីរច​ម្បងៗនេះ។

ជារួមមកវិញ រាល់ការរកស៊ីដីធ្លីនៅក្នុងប្រទេសកម្ពុជា ត្រូវតែមានវិញ្ញាបនប័ត្រវិជ្ជាជីវៈកាន់នៅក្នុងដៃ ហើយរាល់ការរកស៊ីជាអ្នកគក់ជេ ដែលគ្មានច្បាប់ទទួលស្គាល់ នឹងត្រូវបានបិទជាស្ថាពរ នៅពេលណាមួយខាងមុខ ហើយរាល់អ្នករកស៊ីទាំងនោះ បើនៅតែបន្តនឹងទទួលទោសបញ្ញត្តិ ស្របតាមខ្លឹមសារណែនាំ ក្នុងជំពូកទី៧ នៃប្រកាសលេខ ៦៣៦ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុខាងលើ៕ 

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ! 

Comments