ស្របពេលវិស័យដីធ្លីមានភាពភាពរីកចម្រើន ការទិញ-លក់មានសក្តានុពលខ្លាំង មុខរបរគួកជេដីត្រូវបានគេមើលឃើញថាជាមុខរបរមួយ ដែលពេញនិយមនៅពេលចប្ចុប្បន្ននេះ។ ជាទូទៅគេមើលឃើញថាមុខរបរនេះអាចផ្តល់ប្រាក់កម្រៃជើងសារគួរសម្យ ប៉ុន្តែស្របពេលជាមួយគ្នា វាក៏អាចមានហានិភ័យច្រើនដែរសម្រាប់អ្នកគួកជេ ប្រសិនបើពួកគេនៅមានភាពក្មេងខ្ចី ឬមិនសូវយល់ដឹងពីការបរិបទការងារជាក់ស្តែង ដែលអាចក្លាយទៅជាវិវាទរវាងអ្នកទិញ ឬម្ចាស់ដី និងអ្នកគួកជេ។
នៅក្នុងបទសម្ភាសន៍ជាមួយ លោក អេង លាភា ដែលជាអ្នកនិពន្ធ និងជាអ្នកប្រឹក្សាឯករាជ្យផ្នែកអចលលនទ្រព្យ លោកបានបានលើកឡើង ៨ ចំណុច ដែលពាក់ព័ន្ធនឹងការងារអនុវត្តជាក់ស្តែង ដែលចំណុចទាំងនេះជាគន្លឹះសម្រាប់អ្នកដែលចង់ប្រឡូកក្នុងការរកស៊ីគក់ជេគួរធ្វើការស្វែងយល់។ ខាងក្រោមនេះជាសេចក្តីលម្អិតនៃចំណុចទាំង ៨ នេះ៖
១. ជួបម្ចាស់ដី និងសិក្សា
ក្នុងការអនុវត្តជាក់ស្តែង ការប្រកបរបរនេះ អាចមានហានិភ័យច្រើន ដែលអាចកើតឡើងក្នុងតំណាក់កាលរកស៊ី។ ដូច្នេះ អ្នកគប្បីជួបជាមួយម្ចាស់ដី ដើម្បីសិក្សាឲ្យដឹងពីម្ចាស់ដី សិក្សាពីអចលនទ្រព្យនោះ មិនថាដី ឬផ្ទះក៏ដោយ។
ចំណុចមួយចំនួនដែលអ្នកគួរតែចាប់អារម្មណ៍ចំពោះម្ចាស់ដីគឺ
-
អត្តសញ្ញាណរបស់ម្ចាស់ដី៖ យើងត្រូវដឹងថាម្ចាស់ដីជានរណា ស្ថានភាពរបស់ម្ចាស់ដី និងព័ត៌មានផ្សេងៗរបស់ម្ចាស់ដីឲ្យបានកាន់តែច្បាស់កាន់តែល្អ ដើម្បីដឹងថាតើអ្នកអាចទុកចិត្តប្រកបរបររកស៊ីជាមួយម្ចាស់ដីបានដែរឬទេ?
-
អត្តចរិតរបស់ម្ចាស់ដី៖ អ្នកក៏ត្រូវត្រួតពិនិត្យមើលពីចរិតលក្ខណៈរបស់ម្ចាស់ដី ថាតើគាត់ជាមនុស្សយ៉ាងណា?
-
ប្រវត្តិនៃការប្រកបមុខរបររបស់ម្ចាស់៖ អ្នកគប្បីដឹងពីការរកស៊ីរបស់គាត់កន្លងមក ថាតើគាត់មានភាពទៀងត្រង់ក្នុងការប្រកបមុខរបរដែរទេ?
ក្រៅពីការសិក្សាអំពីម្ចាស់ដីហើយ អ្នកត្រូវដឹងពីដី ឬផ្ទះ ដែលជាកម្មវត្ថុនៃការគួកជេនោះដែរ។ ចំណុចមួយចំនួនដែលគួរតែសិក្សាអំពីដីនោះគឺ៖ (១) ទីតាំងរបស់ដី (២) សក្តានុពលរបស់ដី និង (៣) ភាពស្របច្បាប់របស់ដី ឬផ្ទះ និងប្លង់ដីជាដើម។ ជាគោលការណ៍ក្នុងការរកស៊ីគួកជេដី គេធ្វើឡើងក្នុងគោលបំណងទទួលបានប្រាក់កម្រៃ។ ដូច្នេះ ការដឹងពីព៍ត៌មានលម្អិតពីម្ចាស់ដី និងដី ឬផ្ទះ គឺជាកត្តាសំខាន់បំផុតក្នុងការដឹងថាតើយើងអាចធានាបានប្រាក់កម្រៃជើងសារ ដែលជាគោលដៅចុងក្រោយដែរឬទេ?
២. ចរចា
ក្រោយពីដឹងព័ត៌មានជាក់ស្តែងនោះ ជំហានបន្ទាប់យើងគួរចរចាលើចំណុចខាងក្រោម៖
-
ចរចាលើតម្លៃ៖ ក្នុងការអនុវត្តជាក់ស្តែង គេអាចបង្គាប់ឲ្យយើងលក់ក្នុងណាមួយ ទាបជាងតម្លៃទីផ្សារ ឬខ្ពស់ជាងទីផ្សារ ដែលនាំឲ្យយើងពិបាកក្នុងការលក់ចេញ។
-
លក្ខណៈនៃការបង់ប្រាក់៖ យើងត្រូវចរចាការបង់ប្រាក់ ថាតើគេត្រូវបង់រំលស់ ឬយ៉ាងណា?
-
តើយើងទទួលបានភាគលាបជាភាគរយ ឬទទួលបានជាតម្លៃលើស?
៣. ធ្វើឯកសារ
បន្ទាប់ពីយើងចរចាលក្ខណៈគ្រប់គ្រាន់អស់ហើយ យើងចាប់ផ្តើមជំហានបន្ទាប់នោះគឺការធ្វើឯកសារ។ ចំពោះការធ្វើឯកសារនេះទៀតសោត អ្នកគួរពិនិត្យលើឯកសារពីរសំខាន់ៗ រួមមាន៖
(១) លិខិតអនុញ្ញាតឲ្យប្រគល់សិទ្ធិ៖ សំដៅទៅលើលិខិតដែលផ្តល់សិទ្ធិលើអចលនវត្ថុមួយទៅបុគ្គលម្នាក់ទៀត។ ឧទាហរណ៍ យើងមានសិទ្ធិទិញលក់ មានសិទ្ធិផ្សព្វផ្សាយជាដើម។
(២) កិច្ចសន្យាលើកម្រៃជើងសារ៖ កិច្ចសន្យានេះ ធ្វើឡើងដើម្បីធានាការផ្តល់កម្រៃជើងសារដល់អ្នកគួកជេ ដែលមានសុពលភាពតាមផ្លូវច្បាប់។
៤. រៀបក្រុមលក់
នៅពេលដែលបានបញ្ចប់ការធ្វើលិខិតខាងលើនោះរួចសព្វអស់ ជំហានបន្ទាប់នោះគឺ រៀបក្រុមលក់។ ក្នុងការអនុវត្តជាក់ស្តែង គេពិបាកក្នុងការលក់ចំពោះអចលនទ្រព្យខ្លះ។ ដូច្នេះ គេអាចត្រូវរៀបចំក្រុមលក់ ឬប្រព័ន្ធក្នុងការលក់ ដោយមានការចែកភាគលាភ ឬផលចំណេញ (កម្រៃជើងសារ) ជាដើម ដើម្បីអាចឲ្យការលក់នោះមានប្រសិទ្ធភាព និងឆាប់រហ័ស។
៥. ទំនាក់ទំនងអតិថិជន
ក្រោយពីបានរៀបចំប្រព័ន្ធក្នុងការលក់រួចអស់ហើយ គេចាប់ផ្តើមចេញទំនាក់ទំនងជាមួយភ្ញៀវ។ ក្នុងការទំនាក់ទំនងជាមួយភ្ញៀវនោះទៀតសោត គេមានក្បួនមួយចំនួនក្នុងការលក់ផងដែរ ដូចជា៖ ការលក់តាមបណ្តាញសង្គម ការណាត់ជួប និងផ្សេងៗ។
៦. បង្ហាញ និងឆ្លើយ
នៅពេលដែលភ្ញៀវ ដែលចាប់អារម្មណ៍ចង់ទិញ បានទំនាក់ទំនងមកយើង ជំហានដែលសំខាន់មួយទៀតនោះគឺ បង្ហាញពីអចលនទ្រព្យរបស់យើង និងឆ្លើយតបចំពោះសំនួរដែលបានលើកឡើង។ គួរបញ្ជាក់ផងដែរថា ជំហានដំបូង យើងបានសិក្សាច្បាស់លាស់រាល់ពត៌មានទាក់ទងនឹងអចលនទ្រព្យ ដែលអាចជួយឲ្យយើងឆ្លើយតបទៅនឹងសំនួររបស់អតិថិជនបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។
ប្រសិនបើយើងមិនបានសិក្សាពីអចលនទ្រព្យនោះឲ្យបានច្បាស់លាស់ នោះវាអាចធ្វើឲ្យយើងមិនអាចលក់ដី ឬផ្ទះនោះបានទេ។
៧. បិទការលក់
ក្រោយពីបានទទួលការព្រមព្រៀងថា ភ្ញៀវនោះទិញដីនោះហើយ អ្នកអាចចុះកិច្ចសន្យាទិញ-លក់ ជាផ្លូវការជាមួយអតិថិជន។
៨. ចែកកម្រៃជើងសារ
រកបានភ្ញៀវ មិនប្រាកដថាបានកម្រៃជើងសារតាមលក្ខខណ្ឌនោះឡើយ។ ដូច្នេះអ្នកត្រូវតែប្រយ័ត្នចំពោះចំណុចចុងក្រោយនេះ។
ប្រសិនបើការកក់ប្រាក់ស្ថិតក្នុងដៃម្ចាស់ដី យើងអាចប្រឈមមុខនឹងការកេងប្រវ័ញ្ច ប៉ុន្តែចំណុចនេះ អាចនឹងមិនកើតឡើងទេ ចំពោះម្ចាស់ដីដែលមានភាពទៀងត្រង់។
ផ្អែកតាមលោកលាភា បានលើកឡើងថា យើងគួរប្រតិបត្តិតាមវិធីមួយចំនួនខាងក្រោម ដើម្បីធានាឲ្យបានភាគលាភតាមការខិតខំធ្វើការងាររបស់យើង៖
-
វិភាគ៖ យើងគួរវិភាគឲ្យបានគ្រប់ជ្រុងជ្រោយ និងអ្នកដែលពាក់ព័ន្ធទាំងឡាយ។
-
តួនាទីរបស់អ្នកគុកជេ៖ អ្នកគួកជេមួយចំនួន ស្ថិតនៅចំណុចកណ្តាលពេក ដែលគាត់មិនស្ថិតនៅខាងអ្នកលក់ ឬអ្នកទិញនោះទេ។ បញ្ហានេះ អាចធ្វើឲ្យគាត់មិនទទួលបានផលប្រយោជន៍។
-
វ័យឆ្លាត និងតាមច្បាប់៖ នៅក្នុងការអនុវត្តជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា ការគួកជេច្រើនធ្វើតាមទម្លាប់ ដែលអាចឲ្យកើតមានវិវាទច្រើន។ សម្រាប់បរទេស គេច្រើនគោរពតាមច្បាប់ ដែលធ្វើឲ្យវិវាទមិនសូវកើតមានច្រើន និងបង្កឲ្យមានភាពទុកចិត្តគ្នាផងដែរ។
ស្វែងរកដីសម្រាប់លក់នៅកម្ពុជា ឬស្វែងរកអចលនទ្រព្យសម្រាប់លក់នៅកម្ពុជានៅលើគេហទំព័រអចលនទ្រព្យ Realestate.com.kh!
Comments