អត្ថបទណែនាំ ៖ ការអភិវឌ្ឍគម្រោងលំនៅឋានជាច្រើននៅក្នុងប្រទេសកម្ពុជាកំពុងរីកដុះដាលជាមួយនឹងយុទ្ធសាស្ត្រលក់ថ្មី «លក់មុនគម្រោង» ។ ការលក់មុនគម្រោងមានន័យថា ម្ចាស់គម្រោងចាប់ផ្តើមលក់គម្រោងលំនៅឋានរបស់ពួកគេមុនពេលគម្រោងចាប់ផ្តើមសាងសង់ ឬកំពុងសាងសង់ ។
អ្នកដែលមិនធ្លាប់មានបទពិសោធន៍ទិញផ្ទះកន្លងមក ពោលគឺបទពិសោធន៍ថ្មីថ្មោងក្នុងការទិញដើម្បីស្នាក់នៅ ឬវិនិយោគ គួរធ្វើការត្រិះរិះពិចារណា និងឈ្វេងយល់ពីហេតុផលមួយចំនួនសិន ដើម្បីចៀសវាងការខាតបង់ និងវិប្បដិសារីនៅថ្ងៃក្រោយ។
ការទិញផ្ទះ ឬយូនីតខុនដូមុនគម្រោងអាចមានគុណសម្បត្តិ ព្រោះអ្នកអាចទទួលបានការបញ្ចុះតម្លៃ អ្នកអាចជ្រើសរើសផ្ទះ ឬយូនីតនៅក្នុងគម្រោងបានមុនគេ ហើយថែមទាំងអាចកម្មង់យកការរចនាផ្ទះ ឬយូនីតតាមចំណង់ចំណូលចិត្តរបស់អ្នកបានទៀតផង ។
ប៉ុន្តែទន្ទឹមនឹងនោះ ការទិញមុនគម្រោងក៏អាចមានហានិភ័យកើតឡើងនៅពេលអនាគតដូចគ្នាសម្រាប់អ្នកទិញមានដូចជា ការសាងសង់ជាប់គាំង ឬការលុបចោលគម្រោងតែម្តង ។ ដើម្បីឱ្យអ្នកអាចចៀសផុតពីបញ្ហាបែបនេះ លោកអ្នកគួរយកចិត្តទុកដាក់ខ្ពស់លើការត្រួតពិនិត្យឯកសារផ្លូវច្បាប់របស់គម្រោងឱ្យបានច្បាស់លាស់ មុនពេលទិញផ្ទះ ឬខុនដូពីគម្រោងណាមួយ ៕
Comments