រូបតំណាង
ទន្ទឹមនឹងវិស័យដីធ្លីនៅក្នុងប្រទេសកម្ពុជាកំពុងតែមានភាពលេចធ្លោកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែកំណើនតម្រូវការកាន់តែមានជាបន្តបន្ទាប់ធ្វើឱ្យវិនិយោគិនជាច្រើនបណ្តាក់ទុនវិនិយោគលើដីឡូត៍ជាច្រើន ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏មានជនឱកាសនិយមមួយចំនួនបានឆ្លៀតឱកាសដើម្បីបោកប្រាស់អតិថិជនតាមរយៈរូបភាពផ្សេងៗ និងធ្លាប់មានប្រជាពលរដ្ឋជាច្រើនមកហើយដែលធ្លាប់ត្រូវបានរងគ្រោះដោយសារការទិញដីឡូត៍ជាហូរហែ ។
ជាក់ស្តែងកាលពីកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកោះកុងបានស្រាវជ្រាវ និងបង្ក្រាបមុខសញ្ញាជនសង្ស័យឆបោកដីធ្លីជាក្រុម (លក់ដីឡូត៍ខ្យល់) តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកោះកុង ។
ជនរងគ្រោះម្នាក់ក្នុងករណីឆបោកខាងលើលោក ហេង ធារៈ ភេទប្រុស អាយុ៥៣ឆ្នាំ ជាអតីតកងទ័ព (ចូលនិវត្តន៍) ដែលមានទីលំនៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងតំណាងឱ្យជនរងគ្រោះជាច្រើនទៀតបានបញ្ជាក់ប្រាប់សហការី Realestate.com.kh ថា ៖ «ពីដំបូងឡើង កាលពីកំឡុងចុងឆ្នាំ២០១៩ ក្រុមហ៊ុនខាងលើបានរៀបចំដីឡូត៍របស់ខ្លួនដើម្បីធ្វើទីផ្សារ និងបានចាប់ផ្តើមដំណើរការនៅដើមឆ្នាំ២០២០ ថែមទាំងបានដើរឃោសនាផ្សាយពាណិជ្ជកម្មពីគម្រោងដីឡូត៍របស់ក្រុមហ៊ុន និងឃោសនាពីសក្តានុពលរបស់គម្រោងដីឡូត៍នោះ» ។
ប្រភពបានបន្តថា ៖«គ្រួសាររបស់គាត់បានទិញដីចំនួន៤ឡូត៍ ដោយ២ឡូត៍បង់ប្រាក់ដាច់ និង២ឡូត៍ទៀតបង់រំលស់ក្នុងទំហំដី ៥ម៉ែត្រx២០ម៉ែត្រ ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនខាងលើក៏មានប្រូម៉ូសិនពិសេសទិញដី២ឡូត៍ដោយបង់ប្រាក់ដាច់ថែមជូនម៉ូតូ១គ្រឿងថែមទៀតផង ។ ហើយក្រុមហ៊ុនបានសន្យាថា ក្នុងចន្លោះខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២០ ក្រុមហ៊ុននឹងប្រគល់ប្លង់ជូនអតិថិជន ប៉ុន្តែក្រុមហ៊ុនស្រាប់តែមានរឿងឆបោកនេះកើតឡើង ហើយរហូតមកដល់ពេលនេះនៅមិនទាន់ទទួលបានប្លង់នៅឡើយនោះទេ» ។
តាមប្រភពលោកពូដែលជាជនរងគ្រោះ និងជាតំណាងឱ្យជនរងគ្រោះដទៃទៀតបានបញ្ជាក់ឱ្យដឹងបន្ថែមថា ៖«ទំហំទឹកប្រាក់ដែលប្រជាពលរដ្ឋចាញ់បោកក្រុមហ៊ុនដីឡូត៍ខាងលើមានរហូតដល់រាប់ម៉ឺនដុល្លារឯណោះ ហើយពេលនេះនៅមិនទាន់មានសំណងអ្វីពីខាងក្រុមហ៊ុននៅឡើយនោះទេ ។ ប្រសិនបើមានការសម្របសម្រួលពីខាងក្រុមហ៊ុន គឺត្រូវអនុវត្តគោលការណ៍ដែលក្រុមហ៊ុនបានសន្យា» ។
គួររម្លឹកផងដែរថា ករណីឆបោកលក់ដីខ្យល់នេះមិនមែនទើបតែកើតឡើងនោះទេ ពោលគឺបានកើតឡើងច្រើនមកហើយតាមរយៈរូបភាពឆបោកផ្សេងៗគ្នាដែលធ្វើឱ្យប្រជាពលរដ្ឋដែលស្លូតត្រង់ខាតបង់អស់ថវិការដែលខ្លួនខិតខំរកដោយលំបាកអស់ជាច្រើន ។ ដូច្នេះមុននឹងឃើញការផ្សព្វផ្សាយលក់ដោយភ្ជាប់មកជាមួយនឹងការបញ្ចុះតម្លៃ ឬប្រូម៉ូសិនថែមនេះថែមនោះសូមពិចារណា និងស្រាវជ្រាវឱ្យបានល្អិតល្អិនទាក់ទងទៅនឹងភាពស្របច្បាប់របស់ក្រុមហ៊ុន ឬអ្នកលក់ជាដើមចៀសវាងទទួលរងការឆបោកពីជនខិលខូចមួយចំនួន ៕
Comments