បច្ចុប្បន្នចំនួនប្រជាជនមានការកើនឡើងដែលធ្វើឱ្យមានតម្រូវការលំនៅឋានកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាហេតុធ្វើឱ្យមានអ្នកវិនិយោគជាច្រើនចំណាយដើមទុនដើម្បីសាងសង់គម្រោងបុរីសម្រាប់លក់ជូនអ្នកដែលកំពុងមានតម្រូវការ ។ ប៉ុន្តែគម្រោងបុរីច្រើនតែរចនាម៉ូដដោយអ្នកអភិវឌ្ឍន៍មិនប្រាកដថា ម៉ូដផ្ទះទាំងនោះសុទ្ធតែត្រូវចិត្តរបស់អតិថិជន និងជាម៉ូដផ្ទះក្នុងក្តីស្រមៃរបស់ពួកគេនោះទេ ។
ការដែលមានផ្ទះក្នុងក្តីស្រមៃរបស់ខ្លួនអាចចាត់ទុកថាជារឿងដែលជោគជ័យមួយក្នុងជីវិតរបស់មនុស្សម្នាក់ៗបាត់ទៅហើយ ប៉ុន្តែដើម្បីអាចទទួលបានផ្ទះក្នុងក្តីស្រមៃបានត្រូវទិញផ្ទះដែលសាងសង់ស្រាប់ ឬត្រូវសាងសង់ផ្ទះដោយខ្លួនឯងតាមអ្វីដែលលោកអ្នកចង់បាន ។ ប្រសិនបើលោកអ្នកមានដីស្រាប់ ប៉ុន្តែលុយខើចចិត្តចង់សាងសង់ផ្ទះតាមក្តីស្រមៃដែលអ្នកចង់បានឱ្យអស់លុយតិចអាចពិចារណាលើចំណុចទាំង៣ខាងក្រោមនេះ ៖
រឿងត្រូវធ្វើទី១ ៖ សិក្សាអំពីតម្លៃឱ្យបានច្បាស់
វាជាចំណុចចាប់ផ្ដើមដ៏សំខាន់មួយក្នុងការដឹងថា អ្នកអាចចំណាយប្រាក់ទាំងអស់លើការសាងសង់ ឬអ្នកនឹងត្រូវការកម្ចីផ្នែកលំនៅឋានក្នុងចំនួនណាមួយបន្ថែម ។ ដើម្បីប៉ាន់ប្រមាណតម្លៃឱ្យកាន់តែច្បាស់អ្នកអាចបំបែកតម្លៃលើផ្នែកសំខាន់ៗដូចជា ៖
- - តម្លៃចំណាយលើការបុកគ្រឹះផ្ទះ
- - គ្រោងផ្ទះ
- - ប្រព័ន្ធទឹក និងភ្លើង
- - លាបពណ៌ផ្ទះ និងដំបូល ។ល។
ទោះជាយ៉ាងណាក្តី មុនសាងសង់អ្នកត្រូវតែច្បាស់អំពីប្រភេទដីរបស់អ្នកថា តើផ្ទះរបស់អ្នកស្ថិតនៅលើប្រភេទដីខ្សាច់, ដីធម្មតា, ដីឥដ្ឋ ឬប្រភេទដីអ្វីឱ្យប្រាកដ ដើម្បីអាចដឹងថា តើគ្រឹះកម្រិតណាដែលត្រូវនឹងប្រភេទដីនោះក្នុងការធានាភាពរឹងមាំនៃផ្ទះរបស់លោកអ្នក ។
រឿងត្រូវធ្វើទី២ ៖ ស្វែងរកជាងដែលអាចទុកចិត្តបាន
អ្នកនឹងមានទំនុកចិត្តនៅពេលដែលអ្នកអាចជួលជាងដែលមានជំនាញ និងបទពិសោធន៍ដែលអាចជឿជាក់បាន តាមរយៈការស្គាល់ជាងដោយខ្លួនឯង ឬតាមរយៈការណែនាំពីមិត្តភក្តិ ឬសាច់ញាតិ ដើម្បីគ្រប់គ្រងគម្រោងសាងសង់ផ្ទះរបស់លោកអ្នក ។ ពួកគេនឹងធានាថា គ្រប់យ៉ាងអាចដំណើរការបានរលូនតាមការគ្រោងទុក ហើយពួកគេអាចផ្ដល់ប្រឹក្សាល្អៗដល់អ្នកលើការសាងសង់តាំងពីដំបូងរហូតដល់បញ្ចប់ ។
រឿងត្រូវធ្វើទី៣ ៖ ស្វែងរកអ្នកជំនាញផ្នែករចនាម៉ូដផ្ទះ
ដើម្បីទទួលបានផ្ទះដែលមានស្តង់ដារមួយអ្នកត្រូវប្រឹក្សាយោបល់ ឬធ្វើការជាមួយស្ថាបត្យករ វិស្វករ ឬក្រុមហ៊ុនសាងសង់ ដែលមានជំនាញ និងបទពិសោធន៍ច្បាស់លាស់ ។ មនុស្សមួយចំនួនមិនចង់ចំណាយប្រាក់របស់ពួកគេទៅលើរឿងនេះទេ ប៉ុន្តែនៅពេលចុងក្រោយ ពួកគេបានបង្កើតកំហុសឆ្គងមួយចំនួនក្នុងការសាងសង់ ដោយសារតែពួកគេមិនមានជំនាញលើការងារនេះ ។
អ្នកដែលមានជំនាញអាចប្រាប់អ្នកពីទីតាំងដែលគួរដាក់បង្អួច វិធីសាស្ត្រធ្វើឱ្យគ្រឹះរឹងមាំ និងធ្វើឱ្យប្រព័ន្ធទឹកមានគុណភាពល្អ ហើយពួកគេអាចណែនាំថា តើផ្ទះរបស់អ្នកគួមានប្រភេទបន្ទប់បែបណាខ្លះ និងចំនួនប៉ុន្មាន សម្រាប់គ្រួសាររបស់អ្នក ៕
អត្ថបទដោយ
Comments