នាពេលបច្ចុប្បន្ននេះមានអ្នកអភិវឌ្ឍជាច្រើនបានវិនិយោគលើវិស័យអចលនទ្រព្យជាពិសេសលើគម្រោងផ្ទះបុរី ផ្ទះល្វែង និងផ្ទះវីឡាជាច្រើន មិនតែប៉ុណ្ណោះក៏កំពុងតែចរាចរណ៍ដាក់លក់នៅលើទីផ្សារយ៉ាងហូរហែ ប៉ុន្តែអ្វីដែលជាកត្តាដែលធ្វើឱ្យលោកអ្នកដែលមានបំណងចង់ស្វែងរកទិញផ្ទះគឺស្ថិតនៅត្រង់ថា គួរតែជ្រើសរើសយកគម្រោងមួយណាដែលល្អ ស័ក្តិសមក្នុងការរស់នៅ ឬប្រកបអាជីវកម្ម និងមិនមានបញ្ហាក្រោយពេលទិញរួចរាល់ ។
មុននឹងឈានដល់ចំណុចសំខាន់ អ្វីដែលលោកអ្នកត្រូវពិចារណាមុនសម្រេចចិត្តទិញផ្ទះនៅក្នុងគម្រោងណាមួយត្រូវច្បាស់ខ្លួនឯងថា តើទិញដើម្បីអ្វី? ដើម្បីរស់នៅ...! ដើម្បីប្រកបអាជីវកម្ម...! ឬដើម្បីវិនិយោគបន្តដើម្បីយកផលចំណេញ ។ មិនតែប៉ុណ្ណោះអ្វីដែលលោកអ្នកត្រូវពិនិត្យមើលបន្ថែមមុនសម្រេចចិត្តទិញផ្ទះគឺ ហេដ្ឋារចនាសម្ព័ន្ធទាំងក្នុង និងក្រៅគម្រោងដែលលោកអ្នកចង់ទិញថា តើមានហេដ្ឋារចនាសម្ព័ន្ធអំណោយផលសម្រាប់ការរស់នៅ សម្រាប់ការប្រកបអាជីវកម្មដែលឬទេ អ្វីដែលកាន់តែពិសេសទៀតនោះគឺត្រូវមើលដូចគ្នាទាក់ទងទៅនឹងសុវត្ថិភាពជាចំបង ។
ប៉ុន្មានចំណុចខាងលើនេះជាចំណុចត្រួសៗសម្រាប់លោកអ្នកដែលមានបំណងក្នុងការទិញផ្ទះសម្រាប់ពិចារណាជាមុន មុននឹងសម្រេចចិត្តទិញផ្ទះតែបែរជាមិនបានសមដូចបំណង ប៉ុន្តែក្នុងនោះផងដែរ អ្វីដែលលោកអ្នកត្រូវគិតគូរឱ្យបានល្អិតល្អន់បំផុតដើម្បីទិញផ្ទះឱ្យបានត្រឹមត្រូវ និងចៀសវាងទិញហើយត្រូវជួបនឹងហានិភ័យនានាដែលអាចកើតមានត្រូវមើលទៅលើចំណុចសំខាន់ៗធំៗបន្ថែមប៉ុន្មានចំណុចខាងក្រោម ៖
ទី១- ទីតាំងគម្រោង
យើងទាំងអស់គ្នាសុទ្ធសឹងតែដឹងហើយថា ទីតាំងគឺជាចំណុចសំខាន់ក្នុងការជ្រើសរើស ឬវិនិយោគទៅលើអចលនទ្រព្យនីមួយៗ ហើយលោកអ្នកអាចជ្រើសរើសទីតាំងដែលលោកអ្នកពេញចិត្ត និងផ្តល់អាទិភាពក្នុងការរស់នៅដូចជា ជិតកន្លែងធ្វើការ ផ្សារ ឬជិតសាលារៀនកូនៗ ឬស្ថិតនៅក្បែរតំបន់ពាណិជ្ជកម្មផ្សេងៗជាដើម ។ ហើយមួយវិញទៀតលោកអ្នកក៏ជ្រើសរើស និងសម្លឹងមើលបន្ថែមនូវភាពរីកចម្រើននៅតំបន់នោះ ។ ជានិច្ចកាលតំបន់ដែលទើបតែអភិវឌ្ឍថ្មីតែងតែផ្តល់ឱកាសនូវផលចំណេញ លឿនជាងតំបន់ដែលបានអភិវឌ្ឍរួចហើយ ។
ទី២- ប្រវត្តិក្រុមហ៊ុន (ម្ចាស់អភិវឌ្ឍគម្រោង)
យើងគប្បីគួរតែសិក្សាពីម្ចាស់គម្រោង តើមានជីវប្រវត្តិ និងស្នាដៃយ៉ាងដូចម្តេច? ចំណុចនេះអាចធ្វើឱ្យយើងស្វែងយល់អំពីទំនួលខុសត្រូវរបស់ក្រុមហ៊ុន ។ ជាក់ស្តែងយើងសម្គាល់ឃើញមានគម្រោងមួយចំនួនមានតែច្បាប់សាងសង់ ប៉ុន្តែពុំមានវិញ្ញាបនបត្រអភិវឌ្ឍន៍គម្រោងនោះទេ ដែលធ្វើឱ្យគម្រោងនេះមិនមានលក្ខណៈស្របច្បាប់ពេញលេញ ។ ហើយយើងក៏ត្រូវតែពិនិត្យមើលបន្ថែមទៀតថា គម្រោងនេះមានផ្តល់ជូននៅកម្មសិទ្ធប្លង់រឹងជូនពេលបញ្ចប់ការសាងសង់នេះដែរឬទេ? ហើយយើងក៏ត្រូវសិក្សាអំពីកុងត្រាទិញ-លក់របស់ក្រុមហ៊ុនផងដែរ ។
ទី៣- គុណភាពសំណង់
បើចង់ទិញផ្ទះក្នុងបុរី ត្រូវសម្លឹងមើលពីគុណភាពសំណង់ផ្ទះផងដែរ ព្រោះកន្លងមកអ្នកទិញផ្ទះក្នុងបុរីទិញទើបតែបានប៉ុន្មានឆ្នាំសោះបែរជាប្រេះបែកជញ្ជាំងបាត់ទៅហើយ ។ ចំពោះសំណង់ផ្ទះដែលរឹងមាំ និងមានស្តង់ដារធ្វើឱ្យការរស់នៅប្រកបទៅដោយផាសុកភាព។ ហើយលោកអ្នកក៏ត្រូវមើលបន្ថែមថា តើនឹងមានផ្តល់អ្វីខ្លះដែលបន្ថែមជូនដល់អតិថិជន ដូចជា សម្ភារក្នុងផ្ទះ គ្រឿងបរិក្ខារក្នុងបុរី សេវាកម្មគ្រប់គ្រងថែរក្សាទូទៅ និងសេវាកម្មគ្រប់គ្រងសន្តិសុខ ។
ទី៤- អាជ្ញាប័ណ្ណសាងសង់
ក្រៅពីផែនការមេ គម្រោងបុរីនោះត្រូវតែមានអាជ្ញាប័ណ្ណសាងសង់ត្រឹមត្រូវដែលចេញដោយ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ។ ដើម្បីទទួលបានអាជ្ញាប័ណ្ណនេះគម្រោងត្រូវមានផែនការមេមានប្រាក់តម្កល់ ២% ប្រភពប្រាក់ចំណូលច្បាស់លាស់ ដើមទុន មានវត្ថុដាក់ធានា មានប្លង់ និងទ្រព្យផ្សេងៗទៀតដែលជួយគាំទ្រដល់គម្រោងនោះ ។
ទី៥- អាជ្ញាប័ណ្ណបុរី
អាជ្ញាប័ណ្ណបុរីជាឯកសារដ៏សំខាន់មួយទៀតដែលអ្នកត្រូវតែត្រួតពិនិត្យ ។ ឯកសារនេះត្រូវបានចេញ និងទទួលស្គាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ គម្រោងមួយអាចទទួលបានអាជ្ញាប័ណ្ណនេះ មានន័យថាអ្នកអភិវឌ្ឍន៍បានបំពេញនូវតម្រូវការរបស់ក្រសួងទាក់ទងនឹង គុណភាព ការរចនា ផែនការលក់ និងឯកសារសំខាន់ៗផ្សេងទៀត ៕
Comments