+855 92 92 1000
Logo

Editorial content

ការណែនាំសម្រាប់អ្នកទិញផ្ទះ៖ ការចំណាយបន្ថែមនៅពេលអ្នកទិញផ្ទះថ្មី
Updated on: June 7, 2022, 6:48 a.m.
Published on: August 8, 2017, 6:04 a.m.
Home & Living
Property Buyers & Sellers Advice

ការណែនាំសម្រាប់អ្នកទិញផ្ទះ៖ ការចំណាយបន្ថែមនៅពេលអ្នកទិញផ្ទះថ្មី


មនុស្សគ្រប់រូបត្រូវការផ្ទះផ្ទាល់ខ្លួនការទិញផ្ទះដើម្បីរស់នៅនៅគឺជារឿងសំខាន់សម្រាប់អ្នកគ្រប់គ្នានៅក្នុងប្រទេសកម្ពុជាជាពិសេសសម្រាប់អ្នកដែលមានប្រាក់ចំណូលទាបនិងមធ្យមត្រូវពិចារណារឲ្យបានច្បាស់សម្រាប់ការទិញផ្ទះ។ ការទិញផ្ទះថ្មីគឺងាយស្រួលប៉ុន្ដែមិនមែនមានន័យថាអ្នកចំណាយតែលើតម្លៃផ្ទះដោយមិនគិតពីការចំណាយផ្សេងៗទៀនោះទេ។ អ្នកត្រូវតែដឹងអំពីការចំណាយបន្ថែមដែលទាក់ទងនឹងការទិញអចលនទ្រព្យដើម្បីធានាថាអ្នកនឹងពេញចិត្តជាមួយផ្ទះក្នុងក្តីសុបិន្តរបស់អ្នក។ 

ខាងក្រោមនេះជាគន្លឹះសំខាន់ៗមួយចំនួនសម្រាប់អ្នកទិញផ្ទះដំបូងឲ្យចេះរៀបចំផែនការថវិការរបស់ខ្លួនសម្រាប់លំនៅដ្ឋានថ្មីក្នុងករណីមិនទាន់មានភាពច្បាស់លាស់ផ្នែកហិរញ្ញវត្ថុ។ ការចំណាយបន្ថែមទាំងនោះរួមមាន៖ សេវាស្នើប្រាក់កម្ចី និងសេវាផ្នែកច្បាប់លើប្រាក់កម្ចី ថ្លៃផ្ទេរកម្មសិទ្ធិ ថ្លៃសេវាធានារ៉ាប់រង សេវាសម្រាប់ភ្នាក់ងារអចលនទ្រព្យ ថ្លៃការប្រាក់ ថ្លៃប័ណ្ណកម្មសិទ្ធិ និងផ្ទៀងផ្ទៀតប្លង់ ពន្ធអចលនទ្រព្យ និងថ្លៃចំណាយថេរប្រចាំខែ។ថ្លៃស្នើសុំប្រាក់កម្ចី សេវាផ្នែកច្បាប់ និងការប្រាក់៖

នៅពេលទិញផ្ទះអតិថិជនភាគច្រើននៅកម្ពុជាជាធម្មតាមិនមានលុយគ្រប់គ្រាន់ដើម្បីទូទាត់នោះទេ។ដូច្នេះពួកគេប្រហែលជាជ្រើសរើសកម្ចីទិញផ្ទះជាមួយគម្រោងផ្ទាល់ ឬជាមួយធនាគារ ជាទូទៅធនាគារនឹងមិនផ្តល់កម្ចី ១០០% នៃតម្លៃផ្ទះសរុបទេប៉ុន្តែបានត្រឹម៧០%។

កញ្ញា ញឹប និមុល មន្ត្រីឥណទានផ្ទះជាន់ខ្ពស់នៅធនាគារកាណាឌីយ៉ាបានមានប្រសាសន៍ថា “ប្រសិនបើអ្នកទិញផ្ទះស្នើកម្ចីទិញផ្ទះនោះពួកគេនឹងត្រូវបង់ថ្លៃសេវាកម្មសម្រាប់ការវាយតម្លៃ និងដំណើរការនៃប្រាក់កម្ចីបន្ទាប់មកពួកគេត្រូវចំណាយ១ភាគរយនៃប្រាក់កម្ចីសរុបទៅឲ្យធនាគារដែលគេហៅថាសេវាធនាគារ។

កញ្ញា និមុល បានបន្ថែមថា “ក្នុងពេលជាមួយគ្នាអតិថិជនក៏ត្រូវបង់ប្រាក់ចំនួន២៥០ដុល្លារទៅឱ្យមេធាវីសម្រាប់សេវាផ្នែកច្បាប់ផងដែរ។ សេវានេះត្រូវបានរួមបញ្ចូលជាមួយនឹងប្រតិបត្ដិការឥណទាន ដំបូន្មានផ្នែកច្បាប់ការត្រួតពិនិត្យអចលនទ្រព្យ និងដំណើរទូទៅ។

ទាក់ទងនឹងការប្រាក់លើប្រាក់កម្ចីទិញផ្ទះ   កញ្ញា និមុល លើកឡើងថា “ប្រសិនបើអតិថិជនសម្រេចចិត្តខ្ចីប្រាក់កម្ចីពីធនាគារ ពួកគេត្រូវបង់ការប្រាក់ដែលមានចន្លោះពី ៨%ទៅ១០%ក្នុងមួយឆ្នាំ។ ហើយអ្នកក៏ត្រូវបានតម្រូវឱ្យដាក់ទ្រព្យធានាប្លង់រឹង និងលិខិតបញ្ជាក់ប្រាក់ចំណូលដើម្បីទទួលបានប្រាក់កម្ចីទិញផ្ទះ។ រយៈពេលនៃការសងប្រាក់ទៅធនាគាអាចមានរហូតដល់១៥ឬ២០ឆ្នាំអាស្រ័យលើការកំណត់រវាងអតិថិជន និងធនាគារ។

សេវាផ្ទេរកម្មសិទ្ធិ៖

លោក សេង សុភ័ក្ត្រ ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអចលនទ្រព្យ cplagent.com,បានមានប្រសាសន៍ថា “គម្រោងបុរីមានប្លង់រឹងមេរួមមួយ ហើយបានកាត់ជាក្បាលប្លង់តូចសម្រាប់អ្នកទិញដោយផ្ទេរទៅតាមឈ្មោះរៀងៗខ្លួន។ ការផ្ទេរប្លង់បានកំណត់ថ្លៃសេវា៤%នៃតម្លៃអចលនទ្រព្យសរុបក្រៅពីសេវា៤%នេះអ្នកទិញក៏ត្រូវចំណាយប្រហែល១,០០០ដុល្លារ សម្រាប់ការិយាល័យសុរិយោដី ថ្លៃសេវានេះជាទូទៅត្រូវចំណាយលើដំណើរការប្រតិបត្តិការទូទៅនៃការចេញប្លង់។

លោកបានបន្ថែមទៀតថា “ជាធម្មតាការចេញប្លង់ត្រូវចំណាយពេលប្រហែល១២សប្តាហ៍ដើម្បីបញ្ចប់ការផ្ទេរប័ណ្ណរឹងដែលបានធ្វើនៅការិយាល័យសុរិយោដី។ ប្លង់រឹងដែលជាប័ណ្ណកម្មសិទ្ធិកាន់កាប់ដែលចេញដោយការិយាល័យសុរិយោដីគឺជាទម្រង់នៃប័ណ្ណកម្មសិទ្ធិដែលមានសុវត្ថិភាពបំផុត ហើយត្រូវបានទទួលស្គាល់នៅថ្នាក់ព្រមទាំងថ្នាក់សង្កាត់ និងថ្នាក់ស្រុក។ 

ថ្លៃសេវាធានារ៉ាប់រងផ្ទះ៖

ការធានារ៉ាប់រងលើលំនៅដ្ឋានហាក់បីដូចជាមិនទាន់បានដឹង និងប្រើប្រាស់ឲ្យទូលំទូលាយសម្រាប់អ្នកទិញផ្ទះនៅកម្ពុជានៅឡើយទេខណៈបរិបទនេះបានប្រើប្រាស់យ៉ាងទូលំទូលាយនៅបរទេស។ សម្រាប់កម្ពុជាការធានារ៉ាប់រងលំនៅដ្ឋានគឺជាជម្រើសសម្រាប់អ្នកទិញផ្ទះថ្មី។ ប៉ុន្តែគម្រោងអភិវឌ្ឍន៍មួយចំនួនដូចជាបុរីប៉េងហួតគឺតម្រូវឱ្យអតិថិជនរបស់ខ្លួនទិញសេវាធានារ៉ាប់រងផ្ទះនៅពេលទិញផ្ទះពីគម្រោងរបស់ពួកគេ។

លោក សេង បានមានប្រសាសន៍ថាការធានារ៉ាប់រងផ្ទះមានសារៈសំខាន់ណាស់។ វាអាចទទួលបានការសងត្រលប់វិញក្នុងករណីដែលមានការខូតខាតប៉ុន្តែនេះគឺជាជម្រើសរបស់អ្នកទិញផ្ទះប៉ុណ្ណោះ។ លោកក៏បានលើកឡើងដែរថា “ថ្លៃសេវាធានារ៉ាប់រងផ្ទះអាស្រ័យទៅតាមទំហំ និងតម្លៃផ្ទះ។ ប្រសិនបើតម្លៃផ្ទះខ្ពស់ជាង១០០,០០០ដុល្លារ ម្ចាស់ផ្ទះត្រូវបង់ប្រាក់១០០ដុល្លារ ឬច្រើនជាងនេះក្នុងមួយឆ្នាំ។ ប្រសិនបើតម្លៃផ្ទះក្រោម ១០០,០០០ ដុល្លារ ម្ចាស់ផ្ទះត្រូវបង់តិចជាង ១០០ ដុល្លារក្នុងមួយឆ្នាំ។

"ទោះជាយ៉ាងណាប្រសិនបើអ្នកខ្ចីប្រាក់កម្ចីពីធនាគារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាតម្រូវឱ្យអ្នកទិញផ្ទះទិញសេវាធានារ៉ាប់រងផ្ទះ ហើយត្រូវបង់ប្រាក់តិចបំផុត៧០ដុល្លារក្នុងមួយឆ្នាំ។" នេះបើតាមកញ្ញា នីមុល។

ថ្លៃប័ណ្ណកម្មសិទ្ធិ និងផ្ទៀងផ្ទៀតប្លង់៖

នៅការិយាល័យសូរិយោដីនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់អ្នកត្រូវបង់ថ្លៃសេវាផ្ទេរ ៦០០,០០០រៀល ដើម្បីបញ្ចូលឈ្មោះម្ចាស់ថ្មីនៅលើឯកសារច្បាប់។ យោងទៅតាមប្រកាសលេខ៩៩៥ដែលចុះកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ ការផ្ទៀងផ្ទាតមើលប័ណ្ណឯកសិទ្ធិនឹងគិតតម្លៃប្រហែលជា១២,៥០ដុល្លារ។

លោក សុភ័ក្រ្ត បានលើកឡើងថា "ការផ្ទៀងផ្ទាត់ប្លង់គឺសំខាន់ណាស់ដើម្បីដឹងថាតើប្លង់នេះមានកម្មសិទ្ធិត្រួតគ្នាធ្លាប់ដាក់ខ្ចីប្រាក់ និងមានវិវាទណាមួយឬក៏យ៉ាងណា។

ពន្ធលើអចលនទ្រព្យ៖

គ្រប់អចលនវត្ថុទាំងអស់ត្រូវបង់ពន្ធប្រចាំឆ្នាំទោះជាយ៉ាងណាក៏ដោយពន្ធនេះនឹងត្រូវបានអនុវត្តន៍តែលើអចលនទ្រព្យទាំងឡាយណាដែលមានតម្លៃចាប់ពី២៥,០០០ដុល្លារឡើងទៅ។ យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពន្ធត្រូវបានប្រមូលជារៀងរាល់ឆ្នាំក្នុងអត្រា០,១%នៃតម្លៃអចលនទ្រព្យសរុប។

ពន្ធលើអចលនទ្រព្យនេះត្រូវបានគណនាដោយយក៨០ភាគរយនៃតម្លៃអចលនទ្រព្យសរុបដកចំនួន២៥,០០០ដុល្លារហើយបន្ទាប់មកគុណនឹង០,១ភាគរយ។ ហើយតម្លៃរបស់អចលនទ្រព្យទទួលបានតាមរយៈការវាយតម្លៃរបស់រដ្ឋាភិបាលដែលផ្អែកលើកត្តាជាច្រើនដូចជាការប្រមូលទិន្នន័យលើអចលនទ្រព្យដែលទាក់ទងនឹងទីផ្សារគុណភាព និងទីតាំងរបស់វា។ ពន្ធនេះត្រូវអនុវត្តន៍ទាំងសម្រាប់ខ្មែរ និងបរទេសដែលកាន់កាប់អចលនទ្រព្យក្នុងប្រទេសកម្ពុជា។

សេវាភ្នាក់ងារអចលនទ្រព្យ៖

ទាក់ទងនឹងសេវានេះ លោក សុភ័ក្រ្ត លើកឡើងថា “ជាធម្មតាអ្នកលក់ត្រូវបង់សេវាឱ្យភ្នាក់ងារអចលនទ្រព្យសម្រាប់ប្រតិបត្តិការទិញលក់ផ្ទះ។ ប៉ុន្តែពេលខ្លះអាចជាអ្នកទិញដែលត្រូវបង់ថ្លៃសេវាទៅឱ្យភ្នាក់ងារអចលនទ្រព្យ។ នៅក្នុងប្រទេសកម្ពុជាភ្នាក់ងារអចលនទ្រព្យគិតកម្រៃជើងសារចំនួន៣%ពីអ្នកលក់ ហើយមិនគិតសេវាពីអ្នកទិញនោះទេសម្រាប់ប្រតិបត្តិការទិញផ្ទះ។ ប៉ុន្តែក្នុងករណីខ្លះអ្នកទិញក៏ត្រូវបង់ថ្លៃកម្រៃជើងសារ៣%នៅពេលពួកគេចង់ទិញអចលនទ្រព្យពីនរណាម្នាក់។ ករណីនេះកើតឡើងនៅពេលដែលអ្នកលក់មិនមានបំណងលក់ផ្ទះប៉ុន្តែអ្នកទិញមានចង់ទិញនោះហើយសុំឱ្យភ្នាក់ងារអចលនទ្រព្យបញ្ចុះបញ្ចូលម្ចាស់ផ្ទះឲ្យលក់ផ្ទះឲ្យ។

ការចំណាយប្រចាំខែផ្សេងៗ៖

ជាក់ស្តែងយើងក៏ត្រូវធ្វើការចំណាយទៅលើសេវាផ្សេងៗជាប្រចាំយ៉ាងទៀងទាត់ផងដែរ ដែលរួមមានបញ្ចូលសេវាថែទាំថ្លៃជួសជុល និងវិក័យប័ត្រដូចជាអ៊ីនធើណិត អគ្គិសនី និងថ្លៃទឹកជាដើម។ ការចំណាយលើការថែទាំត្រូវបានបង់ដោយម្ចាស់ផ្ទះសម្រាប់ការថែរក្សាអគារតម្លៃនេះប្រែប្រួលរវាងផ្ទះក្នុងបុរី និងខុនដូ។

សម្រាប់ផ្ទះបុរីថ្លៃសេវាថែទាំរួមមានអ្នកសំអាត សន្តិសុខ និងភ្លើងសាធារណៈនៅក្នុងតំបន់គម្រោង។ តម្លៃនេះនឹងត្រូវគិតចន្លោះពី ២០ដុល្លារទៅ៥០ ដុល្លារក្នុងមួយខែ។ សម្រាប់ខុនដូតម្លៃលើសេវាគ្រប់គ្រងពី០,៥០ទៅ២ដុល្លារក្នុងមួយម៉ែត្រការ៉េ។ លើសពីនេះទៀតការរស់នៅក្នុងខុនដូតម្រូវឱ្យអ្នកបង់ថ្លៃសេវាដូចជា៖ ចំណតរថយន្តជាដើមដែលមានតម្លៃចាប់ពី៥០ដុល្លារទៅ៦០ដុល្លារក្នុងមួយខែ។ លោក សុភ័ក្រ្ត បានបន្ថែមថា “ក្រៅពីនេះអ្នកគួរតែត្រៀមប្រាក់សម្រាប់គ្រឿងសង្ហារិម និងការជួលជុលកែលម្អនានានៅពេលអនាគត៕”

ស្វែងយល់បន្ថែមអំពីអត្ថបទល្អៗទាក់ទងនឹងអចលនទ្រព្យតាមរយៈ Realestate.com.kh

 

 

Comments