ទោះបីជាវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាបានជួបប្រទះនូវបញ្ហាវិបត្តិកូវីដ១៩ក្តី ប៉ុន្តែការអភិវឌ្ឍន៍ខុនដូនៅតែបន្តដោយមានការបង្អាក់ដំណើរការសាងសង់បន្តិចបន្ទួចក្តី ។ មិនតែប៉ុណ្ណោះបច្ចុប្បន្ន ខុនដូ កំពុងមានទីផ្សារបន្តិចម្តងៗនៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដែលមានសក្តានុពលអចលនទ្រព្យនានាដូចជាខេត្តព្រះសីហនុជាដើម ។
ខុនដូ ជាផ្នែកមួយនៃវិស័យអចលនទ្រព្យ ពោលខុនដូបានផ្តល់ភាពល្អប្រសើរច្រើនសម្រាប់ជីវិតរស់នៅបែបស៊ីវិល័យ ទំនើប និងឯករាជ្យ ដោយសារតែខុនដូត្រូវបានសាងសង់ឡើងស្ថិតនៅក្នុងកណ្តាលទីក្រុង ដែលខុសពីគម្រោងបុរីនានាដែលត្រូវបានរសាត់អណ្តែតកាន់តែឆ្ងាយទៅៗពីទីក្រុង ។ មានហេតុផលសំខាន់៨យ៉ាងដែលលោកអ្នកគួរជ្រើសរើសរស់នៅខុនដូ ៖
ទី១- សន្សំពេលវេលា
ជាក់ស្តែងគម្រោងផ្ទះបុរីនានាកាន់តែឆ្ងាយទៅៗពីកណ្តាលក្រុង ហើយខុនដូជាច្រើនមានទីតាំងស្ថិតនៅចំកណ្តាលក្រុងតែម្តង ។ ការរស់នៅក្នុងខុនដូអាចជួយសន្សំសំចៃពេលវេលាសម្រាប់លោកអ្នកក្នុងការធ្វើដំណើរទៅមកដើម្បីបំពេញការងារ ។
ទី២- ស្ទីលរស់នៅបែបទំនើប
មានមនុស្សមួយចំនួនតែងតែចង់រស់នៅម្នាក់ឯង ចូលចិត្តសេរីភាព ចូលចិត្តភាពស្ងប់ស្ងាត់ដោយមិនចង់មានការរំខានច្រើន ដូច្នេះការរស់នៅខុនដូគឺស័ក្តិសមបំផុតសម្រាប់ស្ទីលរស់នៅបែបថ្មី អាចធ្វើអ្វីបានតាមចំណង់ចំណូលចិត្តរបស់ខ្លួន ។
ទី៣- ផ្តល់សុវត្ថិភាពខ្ពស់
មិនត្រឹមតែផ្តល់ជីវិតរស់នៅបែបទំនើបហើយនោះទេ ខុនដូក៏មានសន្តិសុខការពារ២៤ម៉ោងដើម្បីផ្តល់សុវត្ថិភាពសម្រាប់អ្នកដែលរស់នៅខុនដូទាំងមូល ។ សម័យកាលកាន់តែជឿនលឿន មនុស្សសម័យថ្មីច្រើនទិញខុនដូជាជាងការទិញផ្ទះ ព្រោះក្រៅពីមានសន្តិសុខការពារ ២៤ ម៉ោងហើយនៅមានការប្រើប្រាស់ការស្កេនក្រយ៉ៅដៃចេញចូល និងកាមេរ៉ាសុវត្ថិភាពគ្រប់ទីកន្លែងជាដើម ។
ទី៤- ងាយស្រួលក្នុងការចូលនៅ
ខុនដូខុសប្លែកពីផ្ទះបុរីនានាដែលខុនដូភាគច្រើនត្រូវបានម្ចាស់ដែលជាអ្នកអភិវឌ្ឍន៍បានធ្វើការតុបតែងគ្រឿងសង្ហារឹមសំខាន់ៗសម្រាប់ប្រើប្រាស់ឱ្យរួចជាស្រេចស្រាប់ទៅហើយ ដូច្នេះអតិថិជនចូលទៅរស់នៅបានតែម្ដងដោយមិនចាំបាច់ចំណាយលុយទិញ ឬរៀបចំទៀតឡើយ ។
ទី៥-រស់នៅជាមួយជីវិតបែបស៊ីវិល័យ
ម្ចាស់អភិវឌ្ឍន៍ខុនដូជាច្រើនបានសាងសង់ខុនដូស្របតាមស្តង់ដារនៃបច្ចេកវិទ្យាទំនើប និងផ្តល់ភាពស៊ីវិល័យសម្រាប់អតិថិជនរបស់ខ្លួន ។ ការរស់នៅខុនដូផ្តល់ទាំងភាពទាន់សម័យ ស៊ីវិល័យ និងឯកជនភាពជាងការរស់នៅតាមបុរី ឬផ្ទះល្វែងនានា ។
ទី៦- មិនពិបាកសម្អាតខុនដូ
ជាច្រើនមានរួចជាស្រេចនូវសេវាកម្មសម្អាតបន្ទប់សម្រាប់អតិថិជន ដោយសារអគារខុនដូមានទីធ្លាតូចល្មម ហើយយូនីតនៃខុនដូទៀតសោតក៏ងាយស្រួលក្នុងការសម្អាត ថែទាំ ដូច្នេះអ្នកដែលរស់នៅខុនដូមិនចាំបាច់ខ្វល់ខ្វាយច្រើនក្នុងការសម្អាតនោះទេ ។
ទី៧- ទទួលបានការយកចិត្តទុកដាក់ពីម្ចាស់គម្រោង
ម្ចាស់គម្រោងដែលជាអ្នកអភិវឌ្ឍន៍ខុនដូតែងតែយកចិត្តទុកដាក់អតិថិជនរបស់ខ្លួនដែលបានទិញយូនីតខុនដូរបស់ពួកគេ ដើម្បីផ្តល់ភាពកក់ក្តៅ និងផាសុកភាពខ្ពស់គ្រប់អតិថិជនដែលរស់នៅខុនដូ ដែលនេះខុនពីការរស់នៅតាមបុរីនានាដែលមានការថែទាំត្រឹម១ឬ២ឆ្នាំតែប៉ុណ្ណោះ ។
ទី៨- អត្រាចំណេញ
ខុនដូក្រៅពីលក់បន្តនៅតម្លៃដែលខ្ពស់ហើយនោះ លោកអ្នកនៅអាចយកវាជួលយកចំណូលប្រចាំខែបានទៀតផងទាំងរយៈពេលខ្លី និងរយៈពេលវែង ៕
Comments