+855 92 92 1000
Logo
៤ ចំណុចត្រូវពិចារណាពេលចង់បង់រំលស់ផ្ទះជាមួយម្ចាស់គម្រោងដោយផ្ទាល់
Updated on: June 6, 2022, 1:56 p.m.
Published on: May 24, 2019, 3:10 a.m.

៤ ចំណុចត្រូវពិចារណាពេលចង់បង់រំលស់ផ្ទះជាមួយម្ចាស់គម្រោងដោយផ្ទាល់


ក្នុងដំណាក់កាលនៃការរីកចម្រើននៃវិស័យអចលនទ្រព្យ ប្រជាពលរដ្ឋជាច្រើន ចាប់ផ្តើមងាក មកចាប់អារម្មណ៍ការបង់រំលស់ផ្ទះ ដោយសារតែភាគច្រើននៃអ្នកទាំងនេះជាអ្នកមាន ចំណូលទាប និងមធ្យម។ ការលក់ផ្ទះតាមរយៈការបង់រំសល់ត្រូវបានគេចាត់ទុកថាជារបៀបដ៏ ងាយស្រួលមួយ និងមានប្រសិទ្ធិភាពសម្រាប់ការលក់គម្រោងលំនៅដ្ឋានរបស់អ្នកអភិវឌ្ឍន៍។ ចំណែកអ្នកទិញក៏អាចទទួលបានលំនៅដ្ឋានមួយដោយមិចចាំបាច់មានប្រាក់គ្រប់គ្រាន់ឡើយ។

បើទោះបីជាយ៉ាងណា ការបង់រំលល់រយៈពេលវែងពី ១៥ ទៅ ២០ ឆ្នាំ អាចធ្វើឲ្យអ្នក ទិញជួបបញ្ហាប្រសិនបើពួកគេមិនបានស្វែងយល់ឲ្យបានច្បាស់ពីគម្រោងជាមុនសិន។

ដើម្បីជៀសវាងការកេងវ័ញ្ចដោយប្រការណាមួយ អ្នកគួរពិចារណាលើចំណុចខាងក្រោមនេះមុន ធ្វើការសម្រេចចិត្តបង់រំលស់ផ្ទះជាមួយគម្រោងបុរី។

១. ស្គាល់ម្ចាស់គម្រោងឲ្យបានច្បាស់

ការស្គាល់ម្ចាស់គម្រោងបានច្បាស់អាចបញ្ចៀសហានិភ័យ ដែលបណ្តាលមកពីការកេងប្រវ័ញ្ច។ អ្នកស៊ើបសួររកពត៌មានទាក់ទងនឹងម្ចាស់គម្រោង ដើម្បីប្រាកដថាម្ចាស់គម្រោងនោះ ពិតជាគម្រោងដែលមានកេរ្តិ៍ឈ្មោះនៅក្នុងទីផ្សារ។ អ្នកអាចស៊ើបសួរតាមរយៈមិត្តភក្តិ ឬអ្នកដែលធ្លាប់មានប្រវត្តិទិញផ្ទះបង់រំលស់ពីម្ចាស់គម្រោងនោះ។ និយាយជារួម អ្នកត្រូវប្រាកដក្នុងចិត្តថា ម្ចាស់គម្រោងនោះ អាចជឿទុកចិត្តបាន។

២. ឯកសារផ្លូវច្បាប់

អ្នកគួរពិនិត្យមើលឯកសារផ្លូវច្បាប់ផ្សេងៗ ដែលទាក់ទងនឹងការអភិវឌ្ឍនោះ ដែលមានដូចជា អាជ្ញាប័ណ្ណអនុញ្ញាតដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាដើម។ គោលបំណងនៃការពិនិត្យឯកសារផ្លូវច្បាប់នេះ គឺដើម្បីបន្ថែមសេចក្តីទុកចិត្តរបស់អ្នកទៅលើម្ចាស់គម្រោង និងគម្រោងអភិវឌ្ឍន៍នោះ ថែមមួយកម្រិតទៀត។ ជាធម្មតា ឯកសារផ្លូវច្បាប់ គឺជាភស្តុតាងបញ្ជាក់ពីភាពត្រូវច្បាប់របស់គម្រោងអភិវឌ្ឍន៍នានា។ អ្នកក៏ត្រូវប្រាកដថា ម្ចាស់គម្រោងមានប្លង់រឹង ដែលជាឯកសារសំខាន់បញ្ជាក់ពីម្ចាស់កម្មសិទ្ធិលើអចលនវត្ថុនោះ។ បើសិនជាគ្មានប្លង់រឹងទេ ក្រសួងសេដ្ឋកិច្ច ក៏មិនអាចចេញប័ណ្ណអនុញ្ញាតឲ្យអភិវឌ្ឍអ្វីដែរ។

៣. តើផ្ទះនោះ មានជាប់បន្ទុកដែរឬទេ?

អ្នកគួរតែពិនិត្យពិច័យឲ្យបានម៉ត់ចត់ទាក់ទងនឹងបន្ទុកផ្សេងៗ ដែលអាចធ្វើឲ្យអ្នកត្រូវទទួលរាប់រងបន្ទុកនោះនៅពេលអ្នកទទួលបានផ្ទះនោះ។ អ្នកគួរដឹងថា តើផ្ទះនោះ ត្រូវបានដាក់បញ្ចាំនៅធនាគារដែរឬទេ ឬថាតើផ្ទះនោះ មានជាប់ពាក់ព័ន្ធរឿងរ៉ាវជំលោះដែរឬទេ? អ្នកអាចដឹងពត៌មានទាំងអស់នោះ តាមរយៈអ្នករស់នៅក្បែរខាងនោះ ឬអ្នកដែលធ្លាប់ទិញផ្ទះជាមួយគម្រោងនោះ ដើម្បីបញ្ចាក់ឲ្យបានច្បាស់ផងដែរ។

៤. ប្រុងប្រយ័ត្នជាមួយនឹងលក្ខខណ្ឌក្នុងកិច្ចសន្យា

នៅពេលដែលអ្នកបានប្រាកដក្នុងចិត្តថាគម្រោងនោះ ពិតជាគួរឲ្យទុកចិត្តហើយ អ្នកក៏អាច សម្រេចចិត្តថាទិញផ្ទះនោះបានហើយ។ ប៉ុន្តែ អ្នកក៏មិនត្រូវភ្លេចផងដែរអំពីលក្ខខណ្ឌ ដែលបានសរសេរនៅក្នុងកិច្ចសន្យានោះផងដែរ​ ដោយសារតែវាជាលិខិតផ្លូវច្បាប់តែមួយគត់ ដែលអាចសម្រេចថាអ្នកខុសឬ ត្រូវនៅពេលដែលកើតមានជំលោះ។ អ្នកគួរពិនិត្យមើល លក្ខខណ្ឌផ្សេងៗ ដូចជា៖ ការបង់ប្រាក់ ការពិន័យពេលបង់យឺត ការរឹបអូស ការផ្ទេរកម្មសិទ្ធិ ទំហំផ្ទះ ឬការចូលស្នាក់នៅជាដើម៕

ប្រសិនបើអ្នកចង់ស្វែងរកអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ឬស្វែងរកកម្ចីទិញផ្ទះ សូមចូល ទៅកាន់ Realestate.com.kh!

 

 

Comments