នៅពេលប្រទេសកម្ពុជាមានការរីកចម្រើនខ្លាំង វាទាមទារឱ្យមានការអភិវឌ្ឍន៍លំនៅដ្ឋាន អគារពាណិជ្ជកម្ម និងឧស្សាហកម្មកាន់តែច្រើន។ គម្រោងជាច្រើនពីរដ្ឋាភិបាល និងវិស័យ ឯកជននឹងត្រូវបានដាក់ចេញឱ្យដំណើរការ។ ដូច្នេះការទិញដីទំនេរនៅថ្ងៃនេះក្នុងតម្លៃទាប នឹងផ្ដល់ផលចំណេញច្រើននៅថ្ងៃអនាគត ។ ខាងក្រោមនេះជាមូលហេតុមួយចំនួនដែលអ្នកគួរពិចារណាក្នុងការទិញដី៖
គម្រោងបុរីកំពុងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង
គម្រោងបុរីកំពុងមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមប្រជាជនកម្ពុជា ដោយសារពួកវាអាចផ្ដល់អារម្មណ៍នៃការរស់នៅបែបសហគមន៍ និងមានសុវត្ថិភាពខ្ពស់ បូករួមជាមួយសេវាកម្មបន្ថែម និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជា៖ សួនច្បារ អាងហែលទឹក និងសេវាកម្មសន្ដិសុខ២៤ម៉ោងជាដើម ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុនទៀត គម្រោងបុរីសរុបជាង ៨០០០០យូនីត រួមមានវីឡា ផ្ទះអាជីវកម្ម និងលំនៅដ្ឋានផ្សេងទៀតនឹងត្រូវបានសាងសង់រួចរាល់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ។
ការស្ថាបនាផ្លូវជាតិឡើងវិញ
ការអភិវឌ្ឍន៍កំពុងលាតសន្ធឹងទៅតំបន់សេដ្ឋកិច្ចសំខាន់ៗដូចជា៖ ភ្នំពេញ សៀមរាប និងព្រះសីហនុ ជារៀងរាល់ឆ្នាំ។ រដ្ឋាភិបាលកម្ពុជា បានប្រកាសអំពីគម្រោងស្ថាបនាផ្លូវថ្នល់សំខាន់ៗជាច្រើន ដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់បណ្ដាខេត្តសំខាន់ៗ ។
ជារឿងសំខាន់អ្នកគួរកត់សម្គាល់ថា ផ្លូវជាតិធំសំខាន់ៗនីមួយៗមានទំនាក់ទំនង ជាមួយផ្លូវជាតិផ្សេងទៀតបែបណា ហើយអាចនាំអ្នកទៅដល់ផ្នែកណាខ្លះក្នុងប្រទេស ។ វាជាការល្អអ្នកគួរតែពិនិត្យមើលផែនទីក្នុងតំបន់របស់អ្នក ដើម្បីស្វែងរកតំបន់ដែលមានសក្ដានុពលខ្លាំង ។
មិនតម្រូវឱ្យមានការគ្រប់គ្រងច្រើន
ការថែរក្សាដីទំនេរមិនទាមទារការថែទាំ ឬយកចិត្តទុកដាក់ច្រើនឡើយ ។ ផ្ទុយពីការគ្រប់គ្រងអាជីវកម្ម ឬទ្រព្យសម្បត្តិជួល ដីទំនេរត្រូវការតែរបង និងការត្រួតពិនិត្យតិចតួចប៉ុណ្ណោះ។ ការវិនិយោគលើដីធ្លីមានភាពងាយស្រួលច្រើនជាងការវិនិយោគលើអចលនទ្រព្យដទៃទៀត។
គ្មានការប្រកួតប្រជែង
គ្រប់ដីធ្លីទាំងអស់តែងមានសណ្ឋាន និងលក្ខណៈខុសគ្នា យ៉ាងហោចណាស់ពួកវាមានចំណុចខុសគ្នាតិច ឬច្រើន តួយ៉ាង ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ និង ការតភ្ជាប់ទៅកាន់ផ្លូវធំៗជាដើម។ ផ្ទុយពីអ្នកអភិវឌ្ឍន៍ខុនដូ ឬបុរី ដែលតែងចំណាយច្រើនលើការផ្សព្វផ្សាយគម្រោងរបស់ពួកគេ ម្ចាស់ដីទំនេរមិនចាំបាច់ចំណាយច្រើនលើការផ្សព្វផ្សាយដើម្បីដណ្ដើមចំណែកទីផ្សារនោះឡើយ ៕
Comments